(ភ្នំពេញ)៖ លោក សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងលោក អ៉ិត សំហេង រដ្ឋមន្ដ្រី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ដោយមានលោក សួង ហួត ជាប្រធានអាណត្តិ៥ និងលោក វង្ស បូរិទ្ធ ជាអគ្គលេខាធិការសភា អាណត្តិទី៥។
ថ្លែងក្នុងឱកាសនោះ លោក សោម អូន បានលើកឡើងថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានដើរតួរសំខាន់ក្នុងការរក្សាបាននូវការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ការការពារសិទ្ធិប្រយោជន៍ជូនកម្មករនិយោជិត, ការចូលរួមលើកកម្ពស់ការគោរពច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។
តាមរយៈរបាយការណ៍នេះ ឃើញថាមកដល់បច្ចុប្បន្ន NACC មានសមាជិកជា៖ សហភាពចំនួន០៧, គណៈកម្មាធិការប្រតិបត្តិចំនួន១៥នាក់, សមាជិកក្រុមប្រឹក្សាភិបាលចំនួន ៥៦នាក់, សហព័ន្ធសហជីពចំនួន ៤៧, សមាគម-អង្គការចំនួន៦ និងសមាជិកជាកម្មករនិយោជិត រួមជាមួយវិស័យផ្សេងៗទៀត សរុបចំនួនជិត៥០ម៉ឺននាក់។
លោកបានបន្ដថា សមិទ្ធផលដែល សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) សម្រេចបាន, ការរៀបចំរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់, សកម្មភាពការងារទាំងក្នុងរោងចក្រ សហគ្រាស, ក្នុងការងារគណបក្ស, កិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ, និងការដាក់ចេញនូវទិសដៅការងារបន្ត, ព្រមទាំងការប្តេជាចិត្តរបស់ ថ្នាក់ដឹកនាំ NACC បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីភាពរីកចម្រើន, ការយកចិត្តទុកដាក់, ទំនួលខុសត្រូវ, និងភាពចាស់ទុំក្នុងការដឹកនាំរបស់ថ្នាក់ដឹកនាំ NACC ប៉ុន្តែទោះជាយ៉ាងណាក៏ជៀសមិនផុតពីការចូលរួមយ៉ាងសកម្មរបស់អស់លោក លោកស្រី សមាជិក សមាជិកាផងដែរ។
លោក សោម អូន បានរំលឹកថា ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានចាត់វិធានការណ៍ទប់ស្កាត់ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តចំពោះការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានដាក់ចេញនូវគោលការណ៍ដើម្បីធានាការគាំពារ និងលើកកម្ពស់សិទ្ធិ និងជីវភាព កម្មករនិយោជិត ពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ដូចខាងក្រោម៖
*ទី១៖ បានដាក់ចេញនូវកញ្ចប់វិធានការជាបន្តបន្ទាប់ សម្រាប់វិស័យការងារ បានអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់របស់និយោជក និងកម្មករនិយោជិត រួមមាន៖ ការអនុញ្ញាតឲ្យរោងចក្រ សហគ្រាស ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ អាចព្យួរកិច្ចសន្យាការងារ ដោយកម្មករនិយោជិតទទួលបានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់ ខណៈនិយោជក ក៏ទទួលបាននូវការអនុគ្រោះចំពោះកាតព្វកិច្ចមួយចំនួន ដូចជាការលើកលែងបង់ភាគទានរបបសន្តិសុខសង្គម ជាដើម។
គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកប្រាក់ដល់កម្មករនិយោជិតព្យួរកិច្ចសន្យាការងារសរុប ៣៥៤,២៧៦នាក់ ស្មើនឹងថវិកាសរុប១៣៣,៥៦៦,៤២៥,៨១០រៀល (ប្រមាណ ៣៣លានដុល្លារអាមេរិក) និងបានបើកប្រាក់ផ្តល់ក្នុងវិធានការបិទខ្ទប់ដល់ កម្មករនិយោជិតសរុប ៣៤១,៦៤២នាក់ ស្មើនឹងថវិកាសរុប ៥៤,៦៦២,៧២០,០០០ (ប្រមាណ ១៣លានដុល្លារអាមេរិក)។
*ទី២៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អង្គការវិជ្ជាជីវៈ និងកម្មករនិយោជិត ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ដូចឥស្សរជនជាន់ខ្ពស់ និងមន្រ្តីរាជការសាធារណៈ ផងដែរ។
*ទី៣៖ ក្នុងកំឡុងពេលសហគ្រាស គ្រឹះស្ថានដាក់ព្យួរការងារដោយផលប៉ះពាល់ជំងឺកូវីដ-១៩ កម្មករនិយោជិតនៅតែបន្តទទួលបានសេវាថែទាំសុខភាព ពី ប.ស.ស. ដដែល។
*ទី៤៖ ប្រាក់ឈ្នួលអប្បបរមាត្រូវបានដំឡើងជូនកម្មករនិយោជិត ជារៀងរាល់ឆ្នាំ ហើយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នេះតទៅ ប្រាក់ឈ្នួលអប្បបរមាត្រូវបានដំឡើងដល់ ២០០ដុល្លារ និងត្រូវបើកជូនកម្មករនិយោជិត ចំនួន ២ដងក្នុងមួយខែ។
*ទី៥៖ កម្មករនិយោជិតទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។
*ទី៦៖ កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០% និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាលកូន។
*ទី៧៖ ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូនដោយផ្តល់ជូនកូន១នាក់ ថវិកា ៤០ម៉ឺនរៀល, កូន២នាក់ ថវិកា ៨០ម៉ឺនរៀល, និងកូន៣នាក់ ថវិកា១,២លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។
*ទី៨៖ និយោជកបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព១០០% ជំនួសកម្មករនិយោជិត។
*ទី៩៖ បានដាក់ដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន និងផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន និងវិស័យសារធារណៈ និងបានដាក់ឲ្យអនុវត្តផ្នែកសោធននិវត្តន៍ សម្រាប់កម្មករនិយោជិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ តទៅ។
*ទី១០៖ អនុវត្តច្បាប់ស្តីពីការងារ កំណត់ការបើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិត ៦ខែម្តង។
*ទី១១៖ ពង្រឹងភាពជាដៃគូជាមួយអង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ជាពិសេសអង្គការពលកម្មអត្តរជាតិខាងការងា (ILO)។
*ទី១២៖ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ នីតិវិធីដោះស្រាយវិវាទការងារនិងកូដកម្ម បាតុកម្ម។
*ទី១៣៖ រៀបចំយុទ្ធនាការ «រោងចក្រ សហគ្រាស មួយជាសហគមន៍សុខសាន្តមួយ» ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ៖ ១៖ មានលក្ខខណ្ឌការងារល្អ (ប្រសើរជាងច្បាប់), ២៖ មានទំនាក់ទំនងវិជ្ជាជីវៈល្អ, ៣៖ មានសុវត្ថិភាព និងសុខភាពការងារ, ៤៖ មានកម្មវិធីលើកកម្ពស់ផលិតភាពការងារ និង៥៖ មានកម្មវិធីទទួលខុសត្រូវសង្គម។
*ទី១៤៖ សហការជាមួយក្រសួង ស្ថានប័នពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត រៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ជាក់ស្តែង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី លោកបណ្ឌិត អ៊ិត សំហេង បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី «លទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតប្រភេទរថយន្តដឹកទំនិញ មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង»។
*ទី១៥៖ បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណសម្បត្តិឱ្យបងប្អូនទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។
បន្ថែមពីនេះ លោក សោម អូន ក៏បានផ្ដល់អនុសាសន៍មួយចំនួនផងដែរ រួមមាន៖
*ទី១៖ ត្រូវគិតប្រយោជន៍រួមជាធំ មានសាមគ្គីភាពផ្ទៃក្នុងល្អ តាមរយៈការដឹកនាំប្រកបដោយតម្លាភាព ចាត់ចែងការងារច្បាស់លាស់ ដើម្បីភាពរីកចម្រើនរួមរបស់អង្គភាព និងដើម្បីបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិ
*ទី២៖ ត្រូវពង្រឹងការផ្សព្វផ្សាយដល់កម្មករនិយោជិត ដែលជាសមាជិកឲ្យបានយល់ច្បាស់អំពីច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព ព្រមទាំងប្រកាស និងសេចក្តីណែនាំនានា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ចេញ
*ទី៣៖ ត្រូវពង្រឹង និងពង្រីកសមាជិកបន្ថែម ដោយពង្រឹងទាំងគុណភាព និងបរិមាណ ព្រមទាំងជំរុញការស្នើសុំភាពជាតំណាងបំផុត (MRS) និងការបង្កើតអនុសញ្ញារួម (CBA) ឲ្យបានច្រើនជាអតិបរមាដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវ: មានសុខដុមនីយកម្ម និងមានសន្តិភាពនៅកន្លែងការងារ ជាពិសេសចៀសវាងការធ្វើកូដកម្មខុសនីតិវិធីច្បាប់
*ទី៤៖ ត្រូវអនុវត្តឲ្យបានពេញលេញនូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ចៀសវាងការជ្រៀតជ្រែកដណ្តើមគោលដៅគ្នារឺដណ្តើមសមាជិកគ្នាដែលអាចនាំទៅរកការបែកបាក់សាមគ្គីភាពផ្ទៃក្នុង
*ទី៥៖ ត្រូវចូលរួមពង្រឹង និងពង្រីកបន្ថែមការងារកសាងបក្ស អង្គការសហជីព ស្របតាមការណែនាំលេខ ១១៨ របស់គណៈកម្មាធិការកណ្ដាល និងគណៈកម្មាធិការបក្សរាជធានីភ្នំពេញ និងសេចក្តីណែនាំរបស់គណ:កម្មាធិការកណ្តលលេខ ០០៣/០៩២២/សណ.គក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២
*ទី៦៖ ត្រូវពង្រឹង និងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការសហជីព ទាំងក្នុងតំបន់ និងក្រៅតំបន់ ដើម្បីកៀគរការគាំទ្រទាំងផ្នែកសម្ភារ ថវិកា និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពនានា
*ទី៧៖ បន្តផ្សព្វផ្សាយអោយបានទូលំទូលាយដល់កម្មករនិយោជិតអំពីការរស់នៅជាមួយ COVID-19 ដោយអនុវត្តនូវវិធានសុខាភិបាលឲ្យបានត្រឹមត្រូវ៕