(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាមិនបានតម្រូវឱ្យភ្ញៀវទេសចរបង្ហាញសាច់ប្រាក់តាមខ្លួនចំនួន ១,០០០ដុល្លារ ឬ ២,០០០ដុល្លារ មុនចូលក្នុងប្រទេសកម្ពុជានោះទេ ប្រសិនបើមានករណីសាកសួរចំពោះភ្ញៀវទេសចរនោះ គឺជាសមត្ថកិច្ចរបស់មន្ត្រីជំនាញនៅច្រកទ្វារអន្តរជាតិប៉ុណ្ណោះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ «រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយណាមួយតម្រូវឱ្យភ្ញៀវទេសចរមានសាច់ប្រាក់តាមខ្លួនចំនួន១,០០០ដុល្លារ ឬ២,០០០ដុល្លារ ដើម្បីអាចចូលប្រទេសកម្ពុជានោះទេ»

សេចក្ដីជូនដំណឹងដដែលបានបន្តថា ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹកប្រាក់យកតាមខ្លួន គឺជាសមត្ថកិច្ចរបស់មន្ត្រីជំនាញនៅច្រកទ្វារអន្តរជាតិ ដែលត្រូវធ្វើឡើងតែចំពោះករណីសង្ស័យមួយចំនួនប៉ុណ្ណោះ ពោលគឺមិនប្រកាន់ភ្ញៀវទេសចរជនជាតិណាមួយឡើយ និងមិនធ្វើឡើងជាទូទៅគ្រប់ភ្ញៀវទេសចរទាំងអស់នោះដែរ។

ក្រសួងទេសចរណ៍ក៏អំពាវនាវដល់ភ្ញៀវទេសចរគ្រប់គ្នាគោរពតាមលក្ខខណ្ឌតម្រូវរបស់កម្ពុជា និងប្រកាសស្វាគមន៍ភ្ញៀវទេសចរមកទស្សនាកម្ពុជាផងដែរ។

បើតាមលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ចំពោះបែបបទនៃការចូលប្រទេសកម្ពុជា គឺរាជរដ្ឋាភិបាលបានលើកលែងអស់ហើយនូវការបង្ហាញកាតចាក់វ៉ាក់សាំង ការធ្វើតេស្ដរហ័ស នៅសល់តែលិខិតបញ្ជាក់របស់គយ និងការស្នើសុំទិដ្ឋការនៅពេលមកដល់។ ម្យ៉ាងទៀត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានបង្កើត App មួយ ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលក្នុងការស្នើសុំទិដ្ឋការ បែបបទគយ និងចត្តាឡីស័កជាដើម។

លោក ហោ សារុន លើកឡើងយ៉ាងដូច្នេះគឺនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ (គ.អ.ច.ទ.) ដែលធ្វើឡើងនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ទីស្ដីការក្រសួងទេសចរណ៍៕