(ភ្នំពេញ)៖ លោក អ៉ឺម ឈុនលឹម អតីតទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញបោះឆ្នោតជ្រើសតាំងជាប្រធានថ្មី នៃក្រុមប្រឹក្សាធម្មនុញ្ញលើកទី៧ ដែលមានអាណត្តិ៣ឆ្នាំ (២០១៦-២០១៩)។ ពិធីបោះឆ្នោតជ្រើសតាំង ប្រធានថ្មី នៃក្រុមប្រឹក្សាធម្មនុញ្ញនេះ បានធ្វើនៅវិមានរដ្ឋចំការមននាព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ។
ក្រៅពីការបោះឆ្នោតជ្រើសតាំងលោក អ៉ឺម ឈុនលឹម ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញជំនួស លោក ឯក សំអុល ហើយនោះ នៅព្រឹកមិញនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាធម្មនុញ្ញពីររូបផ្សេងទៀតផងដែរ ដែលជ្រើសតាំងដោយព្រះមហាក្សត្រ និង រដ្ឋសភា។ សមាជិកក្រុមប្រឹក្សាថ្មីនេះ ចូលជំនួសលោក ព្រហ្ម ញាណវិចិត្រ និង អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់ដារ៉ាវង្ស ដែលត្រូវចប់ អាណត្តិការងារនៅក្នុងឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញមានប្រធានមួយរូប និងសមាជិក ៨រូប ហើយត្រូវផ្លាស់ប្តូររៀងរាល់ ៣ឆ្នាំម្តង។ សមាសភាព នៃក្រុមប្រឹក្សាធម្មនុញ្ញទាំង ៩រូប គឺ៣រូបជ្រើសតាំងដោយរដ្ឋសភា ៣រូបជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និង ៣រូបទៀតជ្រើសតាំងដោយព្រះមហាក្សត្រ៕