(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក សាយ សំអាល់ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានអញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់នៅក្នុងភូមិសាស្រ្តស្រុកព្រៃនប់។
យោងតាមរបាយការណ៍លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានរាយការណ៍ពីគ្រោះធម្មជាតិខ្យល់កន្ទ្រាក់កាលពីថ្ងៃទី១៧ ដល់ថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២២ មានចំនួន១,០៦២គ្រួសារ មកពីឃុំចំនួន៨ ដែលរងខូចខាតដោយសារខ្យល់កន្ទ្រាក់ពីប៉ុន្មានថ្ងៃមុននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះលោក សាល សំអាល់ បានថ្លែងថា គ្រោះធម្មជាតិយើងមិនអាចដឹងជាមុន ដែលអាចបង្កឲ្យមានការបាក់រលំផ្ទះសំបែង និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ។ លោកបានណែនាំដល់ប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកព្រៃនប់ ក៏ដូចជាភូមិសាស្រ្តផ្សេងៗឲ្យយកចិត្តទុកដាក់សិក្សាជាមួយជាងឲ្យបានល្អិតល្អន់ចំពោះការសាងសង់ផ្ទះ ត្រូវពិនិត្យលើភាពរឹងមាំឲ្យបានល្អដើម្បីចៀសវាងពីការដួលរលំ ក្នុងនោះលោកក៏បានចូលរួមសោកស្តាយ ដល់បងប្អូន ប្រជាពលរដ្ឋសរុបចំនួន៣៥៨៧គ្រួសារ ចំពោះការជួបការបាតខូចខាតផ្ទះសំបែងក្នុងហេតុការណ៍ខ្យល់កន្ទ្រាក់នាពេលប៉ុន្មានថ្ងៃមុននេះ។
លោក សាយ សំអាល់ បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់អភិបាលខេត្តព្រះសីហនុ អភិបាលស្រុក ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ដែលបានធ្វើការសហការភ្លាមៗ ក្នុងការរកវិធានការ មធ្យោបាយចាំបាច់នានា ដើម្បីជួយសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងបានចុះសួរសុខទុក្ខដល់ភូមិសាស្ត្រជួបគ្រោះថ្នាក់ដោយមិនគិតពីនិន្នាការនយោបាយ ពូជសាសន៍ ពណ៌សប្បុរ និងសាសនាអ្វីឡើយហើយការនាំយកជាគ្រឿងឧបភោគ បរិភោគរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនចបងប្អូនជនរងគ្រោះនាពេលនេះ ហើយនេះជាទឹកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដែលបានគិតគូរអំពីសុខទុកបងប្អូនប្រជាពលរដ្ឋ។
ក្នុងនោះផងដែរ សាខាកាកបាទក្រហមកម្ពុជា បាននាំមកនូវសម្ភារមួយចំនួនមកប្រគល់ជូនគ្រួសារមានចំនួន១,០៦២គ្រួសារ មកពីឃុំចំនួន៨ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល១ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០,០០០រៀល ដោយឡែកអ្នកស្ម័គ្រចិត្ត ១៧នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ៕