(រតនគិរី)៖ ខណៈដែលពិធីបុណ្យចូលឆ្នាំសកល២០២២-២០២៣ នឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានធ្វើយុទ្ធនាការសម្អាតបរិស្ថាន មុខផ្ទះគ្មានសំរាមតាម ដងផ្លូវសំខាន់ៗ ដើម្បីឲ្យទីក្រុងស្អាត និងនាំមកនូវសុខភាពល្អ។

យុទ្ធនាការនេះដឹកនាំដោយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដោយមានការចូលរួមពីអភិបាលរងខេត្ត មន្ត្រីរាជការគ្រប់មន្ទីរស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន សិស្សានុសិស្ស យុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហម។

ថ្លែងនៅក្នុងយុទ្ធនាការនេះលោក ញ៉ែម សំអឿន បានលើកឡើងថា យុទ្ធនាការសម្អាតអនាម័យ បរិស្ថាន មុខផ្ទះគ្មានសំរាមនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យក្រុងបានលុងរបស់យើង ក្លាយជាទីក្រុងគ្របដណ្តប់ ដោយបរិស្ថានស្អាត មានបរិយាកាសល្អនិងបង្កើនការយល់ដឹង អំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបរិស្ថានស្អាត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។

លោកអភិបាលខេត្តបានបន្តថា «ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការសម្អាតអនាម័យ បរិស្ថាន មុខផ្ទះគ្មានសំរាមឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសំរាមនិងអនាម័យទីប្រជុំជន យើងត្រូវធ្វើការផ្សព្វផ្សាយ ទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍនិងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមឲ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាតនិងភូមិដ្ឋានគ្មានសំរាម។ ដូចនេះការរៀបចំយុទ្ធនាការនាពេលនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈ ឲ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថាន តាមលំនៅឋានរៀងៗខ្លួន»

យុទ្ធនាការសម្អាតបរិស្ថាន អនាម័យមុខផ្ទះគ្មានសំរាមនេះដែរ បែងចែកការទទួលខុសត្រូវតាមគោលដៅដូចតទៅ៖

១-លោក ងិន ណែល អភិបាលរងខេត្តទទួលបន្ទុកដឹកនាំលើកំណាត់ផ្លូវជាតិលេខ៧៨ ចាប់រង្វង់មូលយាយទូលចេករហូតដល់រង្វង់មូលយក្សឡោម
២-លោក ស៊ូ សិរី អភិបាលរងខេត្តទទួលបន្ទុកដឹកនាំលើកំណាត់ផ្លូវលេខ២៣ ចាប់ពីស្ថានីយប្រេងឥន្ធនៈប្រេងយើងរហូតដល់ SN បឹងកំសាន្ត
៣-លោក ជា ថាវរិទ្ធ អភិបាលរងខេត្តទទួលបន្ទុកដឹកនាំលើកំណាត់ផ្លូវជាតិលេខ៧៨-៥ ចាប់ពីផ្សារទំនើបដល់ SN បឹងកំសាន្ត
៤-លោក ខ័ណ្ឌ ចំណាន​ អភិបាលរងខេត្តទទួលបន្ទុកដឹកនាំលើកំណាត់ផ្លូវលេខ៥០ (វិថីឧត្តមសេនីយ៍ ប៊ូ ថង)
៥-លោក ម៉ា វិចិត្រ អភិបាលរងខេត្តទទួលបន្ទុកដឹកនាំលើលើកំណាត់ផ្លូវលេខ២៥ មុខមន្ទីរអភិវឌ្ឍន៍ជនបទដល់ស្តូបមិត្តភាពកម្ពុជា-វៀតណាម
៦-លោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តទទួលបន្ទុកដឹកនាំលើកំណាត់ផ្លូវលេខ២៧ មុខសាលាខេត្ត (ពីរង្វង់មូលនាគព័ន្ធដល់ បឹងកន្សែង)
៧-លោក លន់ សុភាព អភិបាលរងខេត្តទទួលបន្ទុកដឹកនាំលើកំណាត់ផ្លូវលេខ៤៦ (សាលាគ្រូយើងដល់មន្ទីរបរិស្ថាន) និងផ្លូវលេខ៧៨ ដល់ផ្លូវលេខ៤៦ជាប់មន្ទីរបរិស្ថាន
៨-លោក មួង ប៉ាង អភិបាលរងខេត្តទទួលបន្ទុកដឹកនាំលើកំណាត់ផ្លូវលេខ២៩ (ចាប់ពីមុខធនាគារ ABA ដល់មុខមន្ទីរគណបក្សប្រជាជនកម្ពុជា)
៩-លោក វ៉ាន់ សោភា អភិបាលរងខេត្តទទួលបន្ទុកដឹកនាំលើកំណាត់ផ្លូវលេខ៦២, ៤១, ៤៣, ផ្លូវលេខ៦៦ ជុំវិញផ្សារបានលុង និងផ្លូវលេខ៥០៧ពីផ្សារបានលុងទៅស្ថានីយប្រេងជិតហាងតាទ្រី។
១០-លោក ឧុច ចាន់តូ អភិបាលរងខេត្តទទួលបន្ទុកដឹកនាំលើកំណាត់ផ្លូវលេខ៥១ (ពីហាងតាទ្រីដល់វិទ្យាល័យហ៊ុន សែនភូមិថ្មី) និងផ្លូវជុំវិញបឹងកន្សែង(ចាប់ពីចំណុចភោជនីយដ្ឋានឡាបានសៀក២ទៅដល់ចំណុចរូបគង)៕