(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពី «គ្រឿងកិត្តិយសគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា»។
ការបង្កើតគ្រឿងកិត្តិយសនេះ សម្រាប់បំពាក់និងផ្តល់ជូនសមាជិក-សមាជិកាគណៈមេធាវីនិងឥស្សរជន ដែលមានស្នាដៃ គុណបំណាច់ និងភក្តីភាពចំពោះគណៈមេធាវី វិជ្ជាជីវៈមេធាវី និងយុត្តិធម៌សង្គម ដើម្បីជាការថ្លែងអំណរគុណ ជំរុញលើកទឹកចិត្ត លើកកម្ពស់ និងពង្រឹងសមត្ថភាពមេធាវី ដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ដែលមាន៥ប្រភេទ៖
១៖ គ្រឿងកិត្តិយសឧត្តមភាព៖ សម្រាប់បំពាក់និងផ្តល់ជូនប្រធានគណៈមេធាវី អតីតប្រធានគណៈមេធាវី ក្រុមប្រឹក្សាគណៈមេធាវី អតីតក្រុមប្រឹក្សាគណៈមេធាវី នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី អតីតនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ឬឥស្សរជន ដើម្បីថ្លែងអំណរគុណចំពោះស្នាដៃលេចធ្លោ ឬអភិបាលកិច្ចល្អដែលជាឧត្តមប្រយោជន៍ដល់មេធាវី វិជ្ជាជីវៈមេធាវី និងគណៈមេធាវី។
២៖ គ្រឿងកិត្តិយសភក្តីភាព៖ សម្រាប់បំពាក់និងផ្តល់ជូនមេធាវីដែលមានសមាជិកភាពច្រើនឆ្នាំនិងមានវ័យចំណាស់ ដើម្បីផ្តល់ជាកិត្តិយសនិងការគោរពក្នុងឋានៈជារៀមច្បងក្នុងវិជ្ជាជីវៈមេធាវី។
៣៖ គ្រឿងកិត្តិយសសង្គហធម៌៖ សម្រាប់បំពាក់និងផ្តល់ជូនមេធាវីដែលបានលះបង់ពេលវេលា កម្លាំងចិត្ត កម្លាំងកាយ និងថវិកាផ្ទាល់ខ្លួនក្នុងការរួមចំណែកដើម្បីលើកស្ទួយយុត្តិធម៌សង្គមដល់ជនក្រីក្រ ជនទន់ខ្សោយ ឬជនជាតិភាគតិច។
៤៖ គ្រឿងកិត្តិយសគុណវុឌ្ឍិ៖ សម្រាប់បំពាក់និងផ្តល់ជូនមេធាវីដែលបានលះបង់ពេលវេលា កម្លាំងចិត្ត កម្លាំងកាយក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ ការបោះពុម្ព និងការផ្សព្វផ្សាយ ដែលជាផលប្រយោជន៍ក្នុងវិស័យយុត្តិធម៌និងវិជ្ជាជីវៈមេធាវី ឬមេធាវីដែលបានចូលរួមបរិច្ចាគថវិកាចំពោះកិច្ចការនិងសកម្មភាពនានារបស់គណៈមេធាវី។
៥៖ គ្រឿងកិត្តិយសអនុស្សរណ៍៖ សម្រាប់បំពាក់និងផ្តល់ជូនដល់មេធាវីដែលបានទទួលមរណភាព ដើម្បីជាការរំលឹកគុណនិងចងចាំទៅដល់វីរភាពការងារ ស្នាដៃ និងគុណបំណាច់ចំពោះវិជ្ជាជីវៈមេធាវី។
ការបង្កើតនូវគ្រឿងកិត្តិយសគណៈមេធាវីនេះ គឺបានឆ្លើយតបទៅនឹងគោលនយោបាយចំណុចទី៦ របស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលបានសន្យានៅពេលឃោសនាបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីក្នុងអាណត្តិទី១៣ (២០២០-២០២២)។
សមិទ្ធផលនេះ គឺឆ្លើយតបទៅនឹងគោលនយោបាយចំណុចទី៦របស់លោក លី ច័ន្ទតុលា ដែលបានសន្យានៅពេលឃោសនាបោះឆ្នោតជ្រើសតាំង ប្រធានគណៈមេធាវីកាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីបានចុះហត្ថលេខា លើសេចក្តីសម្រេចស្តីពីសុខុមាលភាពមេធាវី ក្នុងគោលបំណងជួយសម្រាលបន្ទុកហិរញ្ញវត្ថុ និងផ្តល់ការយកចិត្តទុកដាក់របស់គណៈមេធាវី ចំពោះមេធាវីដែលជួបការលំបាក តាមរយៈមូលនិធិសុខុមាលភាព ដោយបានផ្តល់នូវតាវកាលិក (អត្ថប្រយោជន៍) ដល់មេធាវីជា៥ផ្នែកគឺ តាវកាលិកសម្រាប់មេធាវីមានវ័យចាស់ តាវកាលិកសម្រាប់មេធាវីទទួលរងទុព្វលភាព តាវកាលិកសម្រាប់មេធាវីលំហែរមាតុភាព តាវកាលិកសម្រាប់មេធាវីទទួលមរណភាព និងតាវកាលិកសម្រាប់សហព័ទ្ធឬកូនរបស់មេធាវីដែលទទួលមរណភាព៕