(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ប្រើល្បិចទិញខោរអាវ រួចបន្លំលួចទូរស័ព្ទសេរីទំនើប ១គ្រឿងបានសម្រេចតែរត់មិនរួចត្រូវប្រជាពលរដ្ឋ ឡោមព័ទ្ធចាប់វាយទ្រមខ្លួន។ ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ស៊ីម វ៉ា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល នៅដីភូមិថ្មី សង្កាត់ភ្នំពេញថ្មី និងទី២ឈ្មោះ ជី លី អាយុ២១ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ ក្នុងវត្តឧណ្ណាឡោម និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៏ខ្មៅពាក់ស្លាកលេខ ក្រចេះ1F-5556 ដែលជនសង្ស័យជិះធ្វើសកម្មភាព។ សមត្ថកិច្ចបន្ដថា ស្រ្តីរងគ្រោះឈ្មោះ សៀង គង់ មានទីលំនៅ ផ្ទះលេខ៣២ ភូមិពោន ឃុំទឹកថ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង។ បច្ចប្បន្នជនសង្ស័យទាំង២ ត្រូវបានបញ្ជូនខ្លួនទៅសាកសួរ និងចាត់ការបន្ដ តាមនីតិវិធី៕