(កំពង់ឆ្នាំង)៖ ម្ចាស់ទូកអូសនាមសម័យ៣គ្រឿង ដែលសមត្ថកិច្ចចម្រុះឃាត់កាលពីរថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ចផាកពិន័យអន្តរការរួចមក ក៏បានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ។
លោក តាត សីហាក់ នាយសង្កាត់នេសាទកំពង់ឆ្នាំង នៃខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែធ្នូ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា កាណូតអូសនាមសម័យ៣គ្រឿងដែលសមត្ថកិច្ចចាប់បាន កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ត្រូវបានផាកពិន័យអន្តរការរួចហើយ និងបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ នៅល្ងាចថ្ងៃដដែល ក្រោយពីពួកគេបានបង់ថវិកាផាកពិន័យអន្តការរួច។
លោកបានបញ្ជាក់ថា ទូកអូសនាមសម័យទាំង៣គ្រឿងខាងលើនេះ គឺនៅខេត្តកណ្ដាលមួយចំនួន និងមួយចំនួនទៀត នៅស្រុកកំពង់ត្រឡាច ពួកគាត់មានលិខិតអនុញ្ញាតឲ្យធ្វើសកម្មភាពនេសាទត្រឹមត្រូវពីរដ្ឋបាលជលផល ខេត្តកណ្ដាល តែលិខិតនោះបានអនុញ្ញាតឲ្យធ្វើការនេសាទត្រឹមភូមិសាស្ត្រខេត្តកណ្ដាល តែពួកគេពន្លាតដែននេសាទរហូតដល់ខេត្តកំពង់ឆ្នាំង គឺខុសភូមិសាស្ត្រនេសាទផងដែរ។
ចំណុចទី២ខុសបច្ចេកទេសម៉ាស៊ីនក្នុងច្បាប់ឲ្យប្រើម៉ាស៊ីនកម្លាំង១០សេះ ប៉ុន្តែពួកគេប្រើម៉ាស៊ីនអូសកម្លាំងរហូតដល់២៤សេះ ចំពោះក្រឡាសាច់អូនគឺប្រើប្រាស់ត្រឹមត្រូវស្របច្បាប់ ចំពោះករណីកំហុសឆ្គងខាងលើនេះរដ្ឋបាលជល ផលកំពង់ឆ្នាំង បានផាកពិន័យអន្តរការក្នុងទូកមួយគ្រឿង ១លាន ៥០ម៉ឺនរៀល បង់ចូលថវិកាជាតិ ហើយពួកគេក៏បានយល់ព្រមបង់ការផាកពិន័យអន្តរការតាមផ្លូវច្បាប់ ទើបសមត្ថកិច្ចធ្វើការដោះលែងឲ្យត្រឡប់ទៅលំនៅឋានវិញ៕