(រតនគិរី)៖ ខណៈពិធីបុណ្យចូលឆ្នាំសកល ២០២២-២០២៣ នឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានធ្វើយុទ្ធនាកាសម្អាតអនាម័យ បរិស្ថាន មុខផ្ទះគ្មានសំរាម តាមដងផ្លូវសំខាន់ៗនៅក្នុងក្រុងបានលុង ដើម្បីឱ្យទីក្រុងស្អាត នាំមកនូវសុខភាពល្អ និងត្រៀមស្វាគមន៍បុណ្យឆ្លងឆ្នាំសកលផង។
យុទ្ធនាការនេះដឹកនាំដោយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដោយមានការចូលរួមពីអភិបាលរងខេត្ត មន្ត្រីរាជការគ្រប់មន្ទីរស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន សិស្សានុសិស្ស យុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហម។
លោក ញ៉ែម សំអឿន បានលើកឡើងថា យុទ្ធនាការសម្អាតអនាម័យ បរិស្ថាន មុខផ្ទះគ្មានសំរាមពេលនេះពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យក្រុងបានលុងក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ និងបង្កើនការយល់ដឹងអំពីអនាម័យបរិស្ថានដល់សាធារណជន។
លោកអភិបាលខេត្តបានបន្តថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការសម្អាតអនាម័យ បរិស្ថាន មុខផ្ទះគ្មានសំរាម ឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការគ្រប់គ្រងសំរាមនិងអនាម័យទីប្រជុំជន យើងត្រូវធ្វើការផ្សព្វផ្សាយទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍនិងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមឲ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាតនិងភូមិដ្ឋានគ្មានសំរាម។ ដូចនេះ ការរៀបចំយុទ្ធនាការនាពេលនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឲ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថាន តាមលំនៅឋានរៀងៗខ្លួន។
គួរជម្រាបថា យុទ្ធនាការសម្អាតបរិស្ថាន អនាម័យ មុខផ្ទះគ្មានសំរាមនេះដែរ ត្រូវបានធ្វើនៅតាមគោលដៅ ដូចជា កំណាត់ផ្លូវជាតិលេខ៧៨ ចាប់រង្វង់មូលយាយទូលចេករហូតដល់រង្វង់មូលយក្សឡោម, កំណាត់ផ្លូវលេខ២៣ ចាប់ពីស្ថានីយប្រេងឥន្ធនៈប្រេងយើងរហូតដល់ SN បឹងកម្សាន្ត, កំណាត់ផ្លូវជាតិលេខ៧៨-៥ ចាប់ពីផ្សារទំនើបដល់ SN ដល់បឹងកម្សាន្ត, កំណាត់ផ្លូវលេខ៥០ (វិថីឧត្តមសេនីយ៍ ប៊ូ ថង), កំណាត់ផ្លូវលេខ២៥ ចាប់ពីមុខមន្ទីរអភិវឌ្ឍន៍ជនបទដល់ស្តូបមិត្តភាពកម្ពុជា-វៀតណាម, កំណាត់ផ្លូវលេខ២៧ ចាប់ពីមុខសាលាខេត្តដល់បឹងកន្សែង, កំណាត់ផ្លូវលេខ៤៦ ចាប់ពីសាលាគ្រូយើងដល់មន្ទីរបរិស្ថាន, ផ្លូវលេខ៧៨ដល់ផ្លូវលេខ៤៦ ជាប់មន្ទីរបរិស្ថាន, កំណាត់ផ្លូវលេខ២៩ ចាប់ពីមុខធនាគារ ABA ដល់មុខមន្ទីរគណបក្សប្រជាជនកម្ពុជា, កំណាត់ផ្លូវលេខ៦២ ផ្លូវលេខ៤១ ផ្លូវលេខ៤៣ ផ្លូវលេខ៦៦ ជុំវិញផ្សារបានលុង និងផ្លូវលេខ៥០៧ ពីផ្សារបានលុងទៅស្ថានីយប្រេងជិតហាងតាទ្រី, កំណាត់ផ្លូវលេខ៥១ ចាប់ពីហាងតាទ្រីដល់វិទ្យាល័យហ៊ុនសែនភូមិថ្មី និងផ្លូវជុំវិញបឹងកន្សែង ចាប់ពីចំណុចភោជនីយដ្ឋានឡាបានសៀក២ទៅដល់ចំណុចរូបគង៕