(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីណែនាំ ស្ដីពី ការអនុវត្ដពន្ធតែមប្រិ៍សារពើពន្ធ ចំពោះសាខាសហគ្រាស។
សេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា ក្នុងគោលបំណងជួយសម្រួលដល់សហគ្រាស ក្នុងការអនុវត្តពន្ធតែមប្រិ៍សារពើពន្ធ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំដូចខាងក្រោម៖
១៖ សាខាសហគ្រាសដែលបានចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានអនុញ្ញាតឱ្យមានស្លាកអាជីវកម្មដ្ឋានតែមួយប៉ុណ្ណោះ ចំពោះស្លាកសាខាដែលមានឈ្មោះ ដូចសហគ្រាសដើម។ ចំពោះប័ណ្ណប្រកាសផ្សេងទៀតរបស់សាខា ត្រូវចាត់ទុកជាផ្ទាំងផ្សាយពាណិជ្ជកម្ម។
២៖ ម្ចាស់ប័ណ្ណប្រកាសត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធនៅទីចាត់ការពន្ធដាររាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានពន្ធដារ ចំពោះប័ណ្ណប្រកាសដែលបានផ្សព្វផ្សាយនៅរាជធានីភ្នំពេញ។ ម្ចាស់ប័ណ្ណប្រកាសត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ
នៅសាខាពន្ធដារខេត្តពាក់ព័ន្ធ ចំពោះប័ណ្ណប្រកាស ដែលបានផ្សព្វផ្សាយ នៅតាមបណ្តាខេត្តនោះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា គ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ដែលមានកាតព្វកិច្ចបង់ពន្ធតែមប្រិ៍សារពើពន្ធ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះតទៅ៕