(ក្រុងព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានអំពាវនាវឲ្យ​ក្រុមហ៊ុនដឹកជញ្ជូន ប្រើប្រាស់ផ្លូវល្បឿនលឿន ក្នុងការដឹកជញ្ជូនទំនិញ ដើម្បីទទួលបានផលចំណេញ ទាំងប្រេងឥន្ធនៈ ​ពេលវេលា​ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤។

​សម្តេចតេជោ ហ៊ុន សែន អំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចតេជោបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ ​«ខ្ញុំសង្កេតឃើញថា ផ្លូវល្បឿនលឿន មិនទាន់មានឡានដឹកទំនិញ ​លើផ្លូវល្បឿនលឿនទេ ចំណុចនេះខ្ញុំគួរ​តែដាស់តឿនចំពោះថៅកែដឹកទំនិញ ថៅកែរថយន្តទាំងឡាយ។ ប្រើប្រាស់ផ្លូវល្បឿនលឿនចំណេញច្រើនជាងផ្លូវធម្មតា ប្រេងក៏អស់តិច ពេលវេលាក៏ចំណេញក្នុងសង្វាក់ផ្គត់ផ្គង់។ [...] ខ្ញុំអំពាវនាវទៅកាន់ម្ចាស់ដែលមានរថយន្តច្រើនក្នុងការដឹកជញ្ជូន ប្រើប្រាស់ផ្លូវល្បឿនលឿនចំណេញជាងខាងវិស័យសេដ្ឋកិច្ច ជាជាងទុកនៅក្នុងបញ្ហាផ្លូវតូចចង្អៀត»

សម្តេចអំំពាវនាវឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនងាកមកប្រើប្រាស់ផ្លូវល្បឿនលឿននេះ ស្របពេលដែលបច្ចុប្បន្នសាំងកំពុងឡើងថ្លៃ ហើយបើពួកគេងាកមកប្រើប្រាស់ផ្លូវល្បឿនលឿន នឹងកាត់បន្ថយការប្រើប្រាស់សាំងបានយ៉ាងច្រើន ខណៈតម្លៃនៃការប្រើប្រាស់វិញ ត្រឹមតែ១២ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ ​ការប្រើប្រាស់ផ្លូវល្បឿនលឿនរបស់រថយន្តដឹកទំនិញធំៗទាំងនេះ នឹងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើននៅលើផ្លូវលេខ៤បានផងដែរ។

​​ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺ​ផ្លូវល្បឿនលឿនទី១ និងជា​ផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ​៕