(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបដិសេធ និងថ្កោលទោសចំពោះការចោទប្រកាន់ទាំងបំពានមកលើកងកម្លាំង នគរបាលជាតិថាជាចោរដ៏សាហាវ និងជាមេខ្លោងធំនៃអំពើជួញដូរគ្រឿងញៀន។

ការចេញបដិសេធនេះធ្វើឡើងបន្ទាប់ពីពេលនាពេលថ្មីៗនេះ មានគេហរទំព័រហ្វេសប៊ុក IMan-KH របស់ឈ្មោះ ណាក់ បានបង្ហោះសារផ្សព្វផ្សាយព័ត៌មានប្រឌិត មានចរិតមួលបង្កាច់ បរិហារកេរ្តិ៍ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ពាក់ព័ន្ធដល់ការបង្ក្រាប និងការចាប់យកសារធាតុញៀន ជាពិសេសចោទប្រកាន់ថាយកសារធាតុផ្សេងៗមកដុតបំផ្លាញក្លែងបន្លំជាសារធាតុញៀន។ លើសពីនេះទៅទៀត ក៏បានចោទប្រកាន់ទាំងបំពានមកលើកងកម្លាំងនគរបាលជាតិថាជាចោរដ៏សាហាវ និងជាមេខ្លោងធំនៃអំពើជួញដូរគ្រឿងញៀនទៀតផង។

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តថា ខ្លឹមសារដែលបានបង្ហោះផ្សព្វផ្សាយខាងលើនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថាម្ចាស់ទំព័រហ្វេសប៊ុក IMan-KH របស់ឈ្មោះ ណាក់ មានចេតនាយ៉ាងពិតប្រាកដ ក្នុ​ងការវាយ ប្រហារបំផ្លាញកិត្យានុភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ក្នុងគោលដៅលាបពណ៌ ញុះញង់ ធ្វើឱ្យសាធារណជនមានការភន្ត័ច្រឡំ អស់ជំនឿ បាត់បង់ភាពកក់ក្តៅ និងរើសអើងចំពោះកងកម្លាំង នគរបាលជាតិ។

ពាក់ព័ន្ធព័ត៌មានប្រឌិតបែបអគតិបែបនេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិក៏បានបកស្រាយបំភ្លឺថា៖

*ទី១៖ សារធាតុញៀនដែលចាប់យកបានក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន សុទ្ធតែបានធ្វើកោសល្យវិច្ច័យបច្ចេកទេស រក្សាទុកយ៉ាងត្រឹមត្រូវ ដើម្បីដាក់បន្ទុក និងផ្តន្ទាទោសជនល្មើសតាមច្បាប់។

*ទី២៖ ការដុតបំផ្លាញសារធាតុញៀនត្រូវបានអនុវត្តទៅតាមនីតិវិធីដោយមានសេចក្តីសម្រេច សាលក្រម សាលដីការបស់តុលាការ និងមានក្រុមការងារមកពីអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដែលមានព្រះរាជអាជ្ញារាជធានី-ខេត្ត ជាប្រធាន។ មិនត្រឹមតែប៉ុណ្ណោះ មុនពេលដុតបំផ្លាញ ត្រូវមានគណៈកម្មការចម្រុះត្រួតពិនិត្យការដឹកជញ្ជូន និងការដុតបំផ្លាញយ៉ាងហ្មត់ចត់រហូតដល់ចប់សព្វគ្រប់ ដោយគ្មានជនណាម្នាក់អាចលួចលាក់យកគ្រឿងញៀនទាំងនោះបានឡើយ។ ការដុតបំផ្លាញសារធាតុញៀន ត្រូវបានអនុវត្តរៀងរាល់ឆ្នាំក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ដោយបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមគ្រប់ប្រព័ន្ធព័ត៌មានទៀតផង។

*ទី៣៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ដឹកនាំនគរបាលជាតិ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ លើកសរសើរ ជូនរង្វាន់ចំពោះបុគ្គលមានស្នាដៃ និងដាក់ទោសចំពោះមន្ត្រីអសកម្ម ល្មើសវិន័យ និងល្មើសច្បាប់ ដោយមិនទុកឱ្យមន្ត្រីណាម្នាក់ប្រព្រឹត្តល្មើសច្បាប់បានឡើយ។

អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញបដិសេធ និងថ្កោលទោសចំពោះទង្វើអសីលធម៌ គ្មានវិចារណញ្ញាណ ដែលបានប្រព្រឹត្តហួសព្រំដែននៃសិទ្ធិបញ្ចេញមតិរបស់បុគ្គល ណាក់ និងតម្រូវឱ្យបុគ្គលរូបនេះធ្វើការសុំទោសជាសាធារណៈនូវរាល់កំហុសឆ្គង ដែលបានចោទប្រកាន់ប្រមាថដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។

ក្នុងនាមកងកម្លាំងអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិនឹងប្រើប្រាស់គ្រប់វិធានការស្របតាមច្បាប់ ប្រឆាំងនូវរាល់ទង្វើទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាព និងកិត្តិយសរបស់កងកម្លាំងនគរបាលជាតិ៕