(ភ្នំពេញ)៖ ទីស្នាក់ការភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បន្ទាប់ពីការសាងសង់រួចរាល់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលដល់អាជ្ញាធរភូមិធ្វើការ និងបម្រើសេវាជូនប្រជាពលរដ្ឋប្រចាំថ្ងៃ ជាពិសេសបង្កភាពងាយស្រួលដល់ទំនាក់ទំនងការងារផ្សេងៗរវាងមេភូមិនិងប្រជាពលរដ្ឋ។
ពិធីសម្ពោធទីស្នាក់ការភូមិនេះ បានប្រព្រឹត្តទៅកាលពីវេលាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ដោយមានការអញ្ជើញចូលរួមដោយមន្រ្តីការិយាល័យជុំវិញខណ្ឌ លោក ហង្ស មុនី អធិការនគរបាលខណ្ឌ, លោក ឈាង ចាន់ថុល មេញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក ហេង សុផាន់ណា នាយករដ្ឋបាលខណ្ឌ ព្រមទាំងចៅសង្កាត់ទាំង៧ នគរបាលប៉ុស្តិ៍កន្ទោក និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។
យោងតាមរបាយការណ៍ស្ដីពីទីស្នាក់ការភូមិព្រែបឹងនេះ បានឲ្យដឹងថា ទីស្នាក់ការនោះសាងស់ថ្មមានទំហំ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ កម្ពស់៤,៥មែត្រ ដំបូលប្រក់ស័ង្កសីភ្លី មានជណ្ដើរឡើងធម្មតា១ និងជណ្ដើរសម្រាប់ជនពិការ១ ។ ការសាងសង់រយៈពេល១ខែ ចំណាយថាវិកាអស់ចំនួន៤,៥០០ដុល្លារ ដែលជាអំណោយរបស់លោក ឃួង ស្រេង និងលោក ឃឹម ស៊ុនសូដា ព្រមទាំងមានបំពាក់នូវសម្ភារៈផ្សេងៗដូចជា តុ កៅអី និងទូដាក់ឯកសារជាដើម។
នៅក្នុងឱកាសនោះលោក ឃឹម ស៊ុនសូដា បានថ្លែងថា នៅទូទាំងខណ្ឌកំបូល មានភូមិចំនួន៩៣ភូមិ ដោយឡែកភូមិព្រៃបឹងនេះ គឺត្រូវបានសាងសង់ទីស្នាក់ការមុនគេបង្អស់ ហើយក៏ជាគំរូសម្រាប់ភូមិដ៏ទៃៗទៀត។ មិនតែប៉ុណ្ណោះតាមគម្រោង គឺត្រូវធ្វើជាបន្តបន្ទាប់គ្រប់ភូមិទាំងអស់ ដើម្បីងាយស្រួលដល់លោកមេភូមិប្រចាំការ និងបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ ហើយក៏ងាយស្រួលដល់ប្រជាពលរដ្ឋទៅរកទំនាក់ទំនងមេភូមិ។
នៅក្នុងពិធីនេះផងដែរ លោកអភិបាលខណ្ឌ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់នៅក្នុងខណ្ឌកំបូល ជាពិសេស សង្កាត់ ភូមិ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ព្រមទាំងខិតខំដោះស្រាយនូវក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ រហូតទទួលបានការទុកចិត្តពីប្រជាពលរដ្ឋបោះឆ្នោតគាំទ្រជាក្រុមប្រឹក្សាសង្កាត់។
ចំពោះការរៀបចំពិធីសម្ពោធអគារទីស្នាក់ការភូមិព្រៃបឹងនាឱកាសនេះ គឺជាសមិទ្ធផលថ្មីស្រឡាងមួយនៅក្នុងមូលដ្ឋានខណ្ឌកំបូល ដែលបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចំពោះការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ដូចនេះដើម្បីឆ្លើយតបចំពោះទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ លោកអភិបាលខណ្ឌក៏បានណែនាំដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខណ្ឌ ព្រមទាំងក្រុមប្រឹក្សាសង្កាត់ ភូមិ ត្រូវខិតខំពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសត្រូវយកអស់កម្លាំងកាយចិត្តដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់យើង៕