(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យបុគ្គល ប៊ុត ប៊ុនតិញ ដែលស្លៀកស្បង់ចីវរជាព្រះសង្ឃ ចេញមុខបកស្រាយជុំវិញរឿងផឹកស្រាក្រហម ហើយដឹកស្ត្រីមេម៉ាយចេញពីវត្តភ្នំសិរី នៅសហរដ្ឋអាមេរិក។
ការប្រកាសឱ្យចេញមុខបកស្រាយ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានទទួលវីដេអូឃ្លីបមួយពីបុគ្គលម្នាក់ដែលសម្តេចហៅថា «ស្រគាល» ដែលចង់ឱ្យសម្តេចចោទសួរទៅកាន់បុគ្គល ប៊ុត ប៊ុនតិញ ដែលសម្តេចបានហៅថា «អាខ្មៅ» អំពីករណីនេះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «អាខ្មៅ ! គួរចេញបកស្រាយទៅអាខ្មៅ ! មុនម៉ោង១២យប់ តើស្រីមេម៉ាយនៅជាមួយនរណា ប្រសិនបើរឿងហ្នឹងមែន ព្រោះគេចង់ចោទទៅលើ "ស្រគាល" ហ្នឹងថា ផឹកស្រាក្រហមហើយដឹកស្រីមេម៉ាយចេញទៅ ចុះស្រីមេម៉ាយមុនម៉ោង១២យប់នៅជាមួយនរណា ឬនៅជាមួយអាខ្មៅ ឬអាខ្មៅវាមានស្រីមេម៉ាយ ហើយអន់ចិត្តលើស្រគាលហ្នឹង?»
ជាមួយនឹងការស្នើឱ្យបកស្រាយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តរិះគន់បុគ្គល ប៊ុត ប៊ុនតិញ ដែលតែងលើកខ្លួនឯងថាជាអ្នកឆ្លាតនៅពេលទៅនៅសហរដ្ឋអាមេរិកថ្មីថ្មោង ហើយថាអ្នកដែលទៅសហរដ្ឋអាមេរិកជំនាន់មុនថាជាមនុស្សល្ងង់ផងដែរ៕