(ភ្នំពេញ)៖ គម្រោងបណ្តាញមេគង្គហ្វាម៉ា (Réseau Mékong Pharma) របស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) សហការណ៍ជាមួយមូលនិធិព្យែរហ្វាប (Fondation Pierre Fabre) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលលើការគ្រប់គ្រងគ្រង និងរៀបចំវិធីសាស្ត្រគរុកោសល្យក្នុងការបង្រៀនពីចម្ងាយលើកម្មវិធី Moodle រយៈពេល៣ថ្ងៃ ដោយជោគជ័យ។
សិក្ខាសាលានេះបានរៀបចំឡើងចាប់ពីថ្ងៃទី១៩ និងបញ្ចប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យវេជ្ជបណ្ឌិត និងសាស្ត្រាចារ្យផ្នែកឱសថសាស្ត្រប្រមាណ១៨នាក់ មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រនៃទីក្រុងហូជីមិញ វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
លោកគ្រូឧទ្ទេសនៃវគ្គសិក្ខាសាលានេះ គឺលោកបណ្ឌិត Dr. BEN HENDA Mokhtar សាស្ត្រាចារ្យឯកទេសផ្នែកវិស័យបណ្តុះបណ្តាលពីចម្ងាយនៃសាកលវិទ្យាល័យប័រដូម៉ុងតែង (Université Bordeaux Montaigne) បានផ្តល់នូវចំណេះដឹង និងចំណេះធ្វើទាក់ទងនឹងឧបករណ៍បច្ចេកវិទ្យា និងគរុកោសល្យដ៏មានសារៈសំខាន់ និងចាំបាច់សម្រាប់ការគ្រប់គ្រងថ្នាក់រៀនពីចម្ងាយតាមវិធីសាស្ត្រទំនើបសម្រាប់ការសិក្សាដោយផ្ទាល់ ពីចម្ងាយ ឬទាំងពីរជម្រើសបញ្ចូលគ្នា ក្នុងនោះក៏មានបង្ហាញនូវវិធីសាស្ត្របង្កើតសេណារីយ៉ូសកម្មជាច្រើន ជាមួយការរៀបចំ និងបង្កើតវីដេអូគរុកោសល្យអន្តរសកម្ម ក៏ដូចជាវិធីសាស្ត្រវាយតម្លៃជាច្រើនជូនដល់សិក្ខាកាមសាស្ត្រាចារ្យទាំងឡាយផងដែរ។
សិក្ខាសាលានេះជាការប្រមូលផ្តុំសាស្ត្រាចារ្យលើកទី២ បន្ទាប់ពីការប្រមូលផ្តុំលើកទី១រួចមកហើយ នាខែកញ្ញានៅទីក្រុងហូជីមិញ រវាងនៃគ្រឹះស្ថានដែលចូលរួមអនុវត្តន៍គម្រោងបណ្តាញមេគង្គហ្វាម៉ា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឧបត្ថម្ភដោយមូលនិធិព្យែរហ្វាប (Fondation Pierre Fabre)។
ក្រៅពីការបន្តនិរន្តរភាពនៃការគ្រប់គ្រង និងការរៀន-បង្រៀនពីចម្ងាយរបស់គ្រឹះស្ថានអប់រំនានា ការបណ្តុះបណ្តាលនេះបានរួមវិភាគទានដល់ការបង្កើនគុណភាពនៃការបង្រៀនដោយផ្តល់នូវចំណេះដឹង និងចំណេះធ្វើក្នុងការគ្រប់គ្រងលើការសិក្សារបស់និស្សិត គ្រប់គ្រង និងរៀបចំមេរៀនក៏ដូចជាការដាក់បញ្ចូលមេរៀនតាមទម្រង់ និងសកម្មភាពផ្សេងៗទៅតាមគរុកោសល្យរបស់លោកគ្រូ-អ្នកគ្រូសាស្ត្រាចារ្យ ការប្រឡង ឬការវាយតម្លៃនានាតាមអនឡាញ។ល។
នេះជាគម្រោងដែលទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) សហការណ៍រៀបចំវគ្គបណ្តុះបណ្តាលលើការគ្រប់គ្រងវិធីសាស្ត្របង្រៀនពីចម្ងាយលើកម្មវិធី Moodle។ គ្រឹះស្ថាននានាដែលស្ថិតក្នុងកម្មវិធីបណ្តុះបណ្តាលនៃបណ្តាញមេគង្គហ្វាម៉ាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងឧបត្ថម្ភដោយមូលនិធិព្យែរហ្វាប (Fondation Pierre Fabre) រួមមាន៖ សាកលវិទ្យាល័យឳសថសាស្ត្រនៃទីក្រុងហាណូយ សាកលវិទ្យាល័យសុខាភិបាល និងឱសថសាស្ត្រនៃទីក្រុងហូជីមិញ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឡាវ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា។ បណ្តាញនេះរួមវិភាគទានក្នុងការផ្លាស់ប្តូរចំណេះដឹងផ្នែកវិទ្យាសាស្ត្រឱសថសាស្ត្រដើម្បីជាប្រយោជន៍ដល់លោគ្រូ-អ្នកគ្រូសាស្ត្រាចារ្យនៃសាកលវិទ្យាល័យទាំងបួននៅអាស៊ីអគ្នេយ៍៕