(ព្រះសីហនុ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានរំលឹកដល់ក្រុមអ្នកធ្លាប់គាំទ្រ ឬកំពុងគាំទ្រ ជនក្បត់ជាតិ៣ជំនាន់ សូមកុំមានទំនាក់ទំនងជាមួយក្រុម ឬបុគ្គលនេះបន្ដទៀត ប្រយ័ត្នប្រឈមជាមួយទោសទណ្ឌតាមផ្លូវច្បាប់។

បើទោះបីមានប្រសាសន៍ ដោយមិនបញ្ចេញឈ្មោះថាជនក្បត់ជាតិ៣ជំនាន់ជានរណាក្ដី ប៉ុន្ដែគេដឹងច្បាស់ថា អ្នកដែលសម្ដេចចង់សំដៅកុំឲ្យគេពាក់ព័ន្ធជាមួយនោះ គឺទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី។ ទណ្ឌិតរូបនេះ នៅតែចិញ្ចឹមចិត្តគំនិតទុច្ចរិតដើម្បីបំផ្លាញសុខសន្ដិភាព តាមរយៈការអំពាវនាវឲ្យប្រជាពលរដ្ឋដើរផ្ទុយពីច្បាប់របស់ជាតិ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង៤៣គីឡូម៉ែត្រ តម្លៃ៧៦លានដុល្លារ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមបញ្ជាក់នៅតែថាចឹង អ្នកណាក៏ដោយពាក់ព័ន្ធជាមួយអាក្បត់ជាតិនេះ គឺអ្នកហ្នឹងមានរឿង។ កុំភ្លេចថា អំណាចនៅក្នុងដៃរបស់ ហ៊ុន សែន នៅឡើយ អត់លេងសើចបានទេរឿងកន្លែងហ្នឹង»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា អ្នកដែលបង្កើតព្រឹត្តិការណ៍ថា លោក ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់សម្ដេច គឺជនក្បត់ជាតិ៣ជំនាន់នេះហើយ។ សម្ដេចបន្ដថា ភាពឈ្លើយរបស់ទណ្ឌិតរត់ចោលស្រុកនេះហើយ បានជាធ្វើការជាមួយអ្នកដទៃមិនកើត ហើយតាំងពីមានអ្នកគាំទ្រច្រើន មកអ្នកគាំទ្រតិចបែបនេះ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងរយៈពេល៥ឆ្នាំមកនេះ សម្ដេចមិនដែលបានលឺបរទេសណា និយាយអំពីឈ្មោះរបស់ជនក្បត់ជាតិ៣ជំនាន់នេះឡើយ។

សម្ដេចតេជោ ហ៊ុន សែន នៅតែអះអាងទៀតថា ជីវិតនយោបាយរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ គឺត្រូវបានបញ្ចប់ហើយ ហើយបុគ្គលនេះក៏គ្មានឱកាសដែលអាចចូលស្រុកនោះទេ តែបើចង់ចូលមានតែព្រៃសប៉ុណ្ណោះ ហើយអ្នកគាំទ្របុគ្គលនេះទៀតចោទក៏ដូចគ្នាដែរ ជម្រើសចុងក្រោយមានតែពន្ធនាគារព្រៃសប៉ុណ្ណោះ។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែមិនអស់ចិត្ត ហើយបង្ហាញនូវការហួសចិត្តចំពោះការលើកឡើងពីផែនការដែលបានដាក់ចេញដោយក្រុមក្បត់ជាតិទាំងនោះ ដើម្បីមកចាត់ខ្លួនសម្ដេច ទាំងដែលពេលសម្ដេចទៅដល់អឺរ៉ុបហើយ បែរជាទណ្ឌិតរូបនេះរត់គេចពីសម្ដេចទៅអាមេរិកទៅវិញ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបនូវរឿងរ៉ាវមួយដែលជាការប្រជុំរបស់ក្រុមក្បត់ជាតិ៣ជំនាន់ នៅវត្តភ្នំសិរី សហរដ្ឋអាមេរិក ដើម្បីរៃអង្គាសលុយឲ្យគណបក្សនយោបាយមួយ ដែលសម្ដេចមិនបញ្ចេញឈ្មោះនោះទេ ប៉ុន្ដែគ្រាន់តែផ្ដាំថាប្រយ័ត្នមានគ្រោះថ្នាក់។ សម្ដេចសង្កត់ធ្ងន់ថា ក្នុងករណីមានភ័ស្ដុតាងគ្រប់គ្រង នឹងត្រូវចាត់វិធានការច្បាប់។

ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការងឿងឆ្ងល់ដែរថា ជនក្បត់ជាតិ៣ជំនាន់នេះ តែងតែអំពាវនាវឲ្យគេធ្វើបាតុកម្មប្រឆាំងដំណើររបស់សម្ដេច នៅពេលអញ្ជើញទៅបំពេញទស្សនកិច្ចនៅបរទេសម្ដងៗ ជាក់ស្ដែងកាលពីឆ្នាំ២០១៨ អំពាវនាវឲ្យពលរដ្ឋបាតុកម្មនៅញ៉ូយ៉ក ប៉ុន្ដែដល់ម៉ោងបាតុកម្មបុគ្គលនេះរត់ទៅអឺរ៉ុបបាត់ លុះដល់ពេលសម្ដេចទៅអឺរ៉ុប បុគ្គលនេះថាជាប់រវល់ប្រជុំនៅអាមេរិកវិញ ដូច្នេះសម្ដេចសន្និដ្ឋានថា ជនក្បត់ជាតិនេះ មិនដែលហ៊ានប្រឈមជាមួយសម្ដេចឡើយ ពូកែតែខាងជេរប៉ុណ្ណោះ៕