(រតនគិរី)៖ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងទទួលដឹកនាំ នាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងទទួលទិសភូមិភាគទី១,ទី២ និងទី៣ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូមកសួរសុខទុក្ខកងកម្លាំង នៅទីបញ្ជាការប្រចាំទិសភូមិភាគ១ ទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ និងលេខ២០៣។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ លោកឧត្តមសេនីយ៍ឯក កឹង ឃន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន ចំពោះកងកម្លាំងនគរបាលដែលកំពុងឈរជើង បំពេញភារកិច្ចតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

ក្នុងពិធីនោះលោកក៏បានផ្តល់អនុសាសន៍ដឹកនាំឲ្យកម្លាំងទីបញ្ជាការប្រចាំទិសភូមិភាគ១ សហការឲ្យបានជិតស្និទ្ធបន្ថែមទៀត ជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងអាជ្ញាធរដែនដីព្រមទាំងបាន ផ្តល់អនុសាសន៍ ដឹកនាំនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង២ ឲ្យយកចិត្តទុកដាក់អំពីកន្លែងធ្វើការ ជម្រកស្នាក់នៅការហូបចុកមានអនាម័យ មានសុខភាពល្អហើយអ្វីដែល លោកបានសង្កត់ធ្ងន់នាពេលនោះ គឺសូមឲ្យគិតពីប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាជនជាធំ។

ក្នុងពិធីសំណេះសំណាល លោកឧត្តមសេនីយ៍អគ្គស្នងការរង ក៏បានផ្តល់ជូននូវកញ្ចប់ថវិកាដែលជាអំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កម្លាំងនគរបាលចំនួន២លានរៀល ក្នុងមួយទីបញ្ជាការផងដែរ៕