(កំពង់ធំ)៖ កម្លាំងចម្រុះរួមមានមន្ត្រីសាខា កាំកុងត្រូលខេត្តកំពង់ធំ ដឹកនាំដោយលោក លៀង សុភា ប្រធានសាខា មន្ត្រីមន្ទីរពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ សាខាគយនិងរដ្ឋករ និងមន្ទីរព័ត៌មាន ដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងេខត្ត និងលោក ប្រាក់ សាវ៉ាត់ អភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះពិនិត្យទីតាំងធ្វើប្រហិតសាច់គោ នៅផ្ទះគ្មានលេខ ភូមិគំពង់ធំ ស្រុកស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ការធ្វើតេស្តបឋម លើប្រហិតសាច់គោ គឺលទ្ធផលពុំមានជាតិ Borax នៅលើប្រហិតសាច់គោនោះទេ ហើយបានចុះពិនិត្យកន្លែងស្តុក និងចែកចាយប្រហិតរបស់ក្រុមហ៊ុន CP ក៏បានធ្វើតេស្តបឋមលើ ទំនិញដែលដាក់ស្តុក និងចែកចាយ ពុំឃើញមានសារធាតុ Borax ក្នុងប្រហិតនោះដែរ។
ជាមួយគ្នានោះ លោកប្រធានសាខា ក៏បានណែនាំដល់ម្ចាស់ទីតាំង សូមធ្វើឲ្យផលិតប្រហិតមានអនាម័យ ចៀសវាងផលិតខូចគុណភាព និងសុខភាពប្រជាពលរដ្ឋយើងផងដែរ ។
លោកក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់មុននឹងធ្វើចរាចរ ចែកចាយ លក់ ដូរ និងទិញទំនិញម្ហូបអាហារ ទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ៕