(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ បានដាក់ចេញនូវការអំពាវនាវ ៤ចំណុចសំខាន់ៗ ទៅដល់អ្នកបើកបររថយន្តដឹកកម្មករ នៅតាមរោងចក្រទូទាំងប្រទេសកម្ពុជា ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ចំពោះកម្មករ កម្មការិនី។
សេចក្តីអំពាវនាវ របស់សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក ចំពោះកម្មករ កម្មការិនី គណៈកម្មការធិកាជាតិសុវត្ថិភាពចរាចណ៍ផ្លូវគោក ធ្វើការអំពាវនាវដូចតទៅ៖
១- អ្នកប្រកបរបរដឹកកម្មករ កម្មការិនី គប្បីប្រើប្រាស់រថយន្ដដឹក អ្នកដំណើរប្រភេទតូរីស ឬបឺស ដែលមានលក្ខណៈសុវត្ថិភាព ជាប្រភេទយានយន្ដដទៃទៀត ដើម្បីដឹកកម្មករ កម្មការិនី ដោយអង្គុយតាមកៅអី ក្នុងរថយន្ដ និងមិនត្រូវផ្ទុកលើដំបូលជាដាច់ខាត។ គប្បីកាត់បន្ថយឲ្យបានអតិបរមា នូវការដឹកកម្មករ កម្មការនី តាមរថយន្ដដឹកទំនិញ ដោយឈរណែនណាន់ តាន់តាប់លើសចំណុះ ឬតាមទោចក្រយានយន្ដសណ្ដោងរ៉ឺម៉ក ដែលមានហានិភ័យខ្ពស់ ងាយកើតមានគ្រោះថ្នាក់ ដូចដែលពេលកន្លង ទៅករណីគ្រោះថ្នាក់មួយលើកៗ បណ្ដាលឲ្យកម្មករ កម្មការិនី ទទួលរងគ្រោះជាច្រើនឥតគណនា។
២- អ្នកបើករថយន្ដដឹកកម្មករ កម្មការិនីគ្រប់រូប ត្រូវមានប័ណ្ណបើកបរ ព្រមទាំងរថយន្ដទាំងអស់ មានប័ណ្ណសម្គាល់យានយន្ដ ស្លាកលេខ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបចេ្ចកទេស ដែលមានសុពលភាព។
៣- ក្នុងការដឹកកម្មករ កម្មការិនីតាមរថយន្ដដឹកទំនិញ ត្រូវអនុវត្តវិធានការសុវត្ថិភាពដូចខាងក្រោម៖
- ត្រូវរៀបចំកៅអីឲ្យបានត្រឹមត្រូវ ហាមមិនឲ្យឈរដាច់ខាត
- ត្រូវមានរនាំងដែកបាំងជុំវិញ មិនឲ្យដាក់ដៃចេញក្រៅ
- ហាមផ្ទុកលើសចំណុះ
- ត្រូវធានាលក្ខណៈបច្ចេកទេស រថយន្ដឲ្យមានសុវត្ថិភាព ពិសេសចំពោះកង់ ភ្លើង ហ្វ្រាំង ចង្គូត ។ល។
- ត្រូវបើកបរដោយគោរពច្បាប់ចរាចរណ៍គ្រប់ពេល គ្រប់ទីកន្លែងពិសេស ត្រូវបើកបរគោរពល្បឿនកំណត់ គោរពសញ្ញាចរាចរណ៍ គោរពសិទ្ធិអាទិភាព ប្រកាន់ស្ដាំ ធានាសុវត្ថិភាព ក្នុងការជែង ការបត់ ការឈប់ និងការចត មិនបើកបរក្នុងស្ថានភាពស្រវឹង ។ល។
៤- នៅតាមគោលដៅរោចក្រ សហគ្រាស អ្នកបើកបររថយន្ដដឹកកម្មករ កម្មការិនីត្រូវឈប់ ឬចត ឲ្យមានសណ្ដាប់ធ្នាប់ និងមិនមានការកកស្ទះចរាចរណ៍។
សេចក្តីអំពាវនានាដដែលបន្ថែមថា «គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹមថា អ្នកបើកបររថយន្ដដឹកកម្មករ កម្មការិនីគ្រប់រូប និងចូលរួមអនុវត្តតាមការអំពាវនាវនេះ ដែលផ្ដល់គុណប្រយោជន៍ ក្នុងការរក្សារសុវត្ថិភាព ជូនកម្មករ កម្មការិនី ជាកម្លាំងផលិតកម្មដ៏សំខាន់ ឲ្យបានជៀសផុតពីគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក»៕