(ព្រុចសែល)៖ ខណៈទីក្រុងប៉ារីសប្រទេសបារាំង កំពុងតែទទួលរៀបចំការប្រកួតបាល់ទាល់ យូរ៉ូ ឆ្នាំ២០១៦ សន្តិសុខនៅទីនោះក៏ត្រូវបានរឹតបន្តឹងខ្លាំងជាងគេ ប៉ុន្តែបណ្តាប្រទេសជិតខាង ដូចជាប៊ែលហ្សិក ក៏មិនបន្ថយដៃនោះដែរ ដោយមុននេះបន្តិច កម្លាំងប៉ូលិសទីក្រុងព្រុចសែល បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលអះអាងថា បានដាក់បង្កៃគ្រាប់បែកបម្រុងបំផ្ទុះក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុង ដែលធ្លាប់វាយប្រហារដោយអំពើភេរវកម្មទ្រង់ទ្រាយធំ ម្តងរួចមកហើយនោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦។
ទីផ្សារដែលត្រូវបានគេសង្ស័យថា មានជនបង្កៃគ្រាប់បែក គ្រោងបង្កអំពើភេរវកម្មនោះ មានឈ្មោះថា City 2 ត្រូវបានបិទជាបណ្តោះអាសន្ន ប៉ុន្តែក្រោយពីចាប់ បានជនសង្ស័យរួច និងធ្វើការឆែកឆេទើបប៉ូលិសអះអាងថា មិនមានគ្រាប់បែកអ្វីឡើយ ដោយជនខាងលើនេះទំនងជាចង់បង្កភាពវឹកវរក្នុងសង្គមប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីប៊ែលហ្សិកលោក Charles Michel បានថ្លែងនៅថ្ងៃអង្គារ នេះថា «សម្រាប់ពេលនេះ អ្វីៗស្ថិតនៅក្នុង ការគ្រប់គ្រងទាំងស្រុង។ យើងបានជួបពិភាក្សាជាមួយក្រុមប្រឹក្សា ឆ្លើយតបវិបត្តិប្រឈមរបស់ជាតិ ដើម្បីដោះស្រាយ បញ្ហាជាបន្ទាន់។ ទោះបីជាមិនទាន់រកឃើញអ្វីក៏ដោយ ក៏យើងនៅតែប្រុងប្រយ័ត្នខ្ពស់ជានិច្ច»។
គួរបញ្ជាក់ថា ទីក្រុងព្រុចសែល ធ្លាប់ទទួលរងនូវអំពើភេរវកម្មដ៏គួរឲ្យរន្ធត់កាលពីខែមីនា ឆ្នាំ២០១៦ ដែលកាលណោះ ការបំផ្ទុះគ្រាប់បែក បានធ្វើឡើងទៅលើព្រលានយន្តហោះ និង ស្ថានីយ៍រថភ្លើងក្រោមដី បានបណ្តាលឲ្យមនុស្ស ៣២នាក់ស្លាប់ ហើយពួកភេរវករ ISIS បានចេញមុខទទួលខុសត្រូវ៕