(ស្ទឹងត្រែង)៖ ដើម្បីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត» នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាពលោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សរុបអ្នកចូលរួមចំនួន៥៦នាក់។
ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថាឡាបរិវ៉ាត់។
លោក ស្វាយ សំអ៊ាង បានពាំនាំនូវការប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធនានា បង-ប្អូនអ្នកស្ម័គ្រចិត្ត ក្មួយៗ ជាយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌នៅទូទាំងខេត្តស្ទឹងត្រែង។
លោកប្រធានគណៈកម្មាធិការសាខា បានបន្ថែមទៀតថា ដើម្បីអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែរៀបចំពិធីនេះធ្វើឡើងក្នុងគោលបំណងកោតសរសើរ និងថ្លែងអំណរគុណ ការខិតខំប្រឹងប្រែងរបស់ យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ មិនមែនមានតែយុវជន និងអ្នកស្ម័គ្រកាកបាទក្រហមកម្ពុជាមួយទេ គឺគ្រប់ស្ថាប័ន អង្គការនានា ដែលបានបំពេញភារកិច្ចជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត។
ក្នុងនោះដែរ លោក ស្វាយ សំអ៊ាង បានចាត់ទុកយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា គឺជាកំលាំងចលករមនុស្សធម៌ដល់សំខាន់មួយ របស់កាកបាទក្រហមកម្ពុជាយើង ដើម្បីឆ្លើយតប ឲ្យទាន់ពេលវេលា ជួយដល់ប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក និងគ្រោះថ្នាក់ផ្សេងៗ។
លោកបានបន្តទៀតថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាមិនត្រឹមមាននៅតាមសហគមន៍នោះទេ ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា និងថ្នាក់ដឹកនាំគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង០៦ ក៏ជាអ្នកស្ម័គ្រចិត្ត ដែលបានប្រឹងប្រែងទំាងកម្លាំងកាយចិត្ត និងចំណាយពេលវេលាផ្ទាល់ខ្លួនដោយមិនខ្លាចនឿយហត់ ដើម្បីចូលរួមការងារមនុស្សធម៌។
ឆ្លៀតក្នុងឱកាសនោះលោក ស្វាយ សំអ៊ាង បានប្រគល់ប័ណ្ណសរសើរដល់យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តផងដែរ៕