(កំពង់ឆ្នាំង)៖ ក្រុមទូកនេសាទអូសនាមសម័យចំនួន១១ទូក កំពុងធ្វើសកម្មភាពចាប់ត្រីខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុកជលគិរី យ៉ាងអនាធិបតេយ្យ ពុំទាន់ឃើញមានការបង្ក្រាបនៅឡើយ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ប្រភេទទូកអូសនាមខាងលើនេះ គឺជាឧបករណ៍នេសាទមួយខុសច្បាប់ ហើយច្បាប់ស្ដីពីជលផល ក៏បានហាមឃាត់ដាច់ខាតចំពោះការប្រើឧបករណ៍នេសាទខាងលើនេះផងដែរ។
ការដែលប្រជាពលរដ្ឋអាចធ្វើការនេសាទដោយប្រើឧបករណ៍ខាងលើនេះបាន បើតាមការសាកសួរផ្ទាល់ក្រុមអ្នកនេសាទខុសច្បាប់បានប្រាប់ថា មុននឹងក្រុមនេសាទរបស់ពួកគេទាំងអស់នេះ ហ៊ានចូលមកនេសាទនៅក្នុងទឹកដី ខេត្តកំពង់ឆ្នាំង ពួកគេមានមេការម្នាក់ឈ្មោះ ដេប ជនជាតិវៀតណាមរស់នៅខេត្តកណ្ដាល បានរត់ការរួចហើយទើបពួកគេអាចធ្វើការនេសាទដោយប្រើឧបករណ៍ល្មើសខាងលើនេះបាន តែពួកគេមិនដឹងថា គេរត់ការទៅខាងណានោះដែរ។
ដោយឡែកក្រុមអ្នកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ខាងលើនេះមួយក្រុមទៀត ជាជនជាតិខ្មែរឥស្លាមរស់នៅស្រុកកំពង់ត្រឡាច ក៏បាននិយាយដូចក្រុមខាងលើនេះដែរថា បើមិនរត់ការមុនទេ ពួកគេពិតជាមិនអាចធ្វើការនេសាទបែបនេះបាននោះដែរ តែរត់ការទៅផ្នែកខាងណានោះពួកគេមិនបានបង្ហើបបញ្ជាក់ប្រាប់នោះឡើយ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២០ ខែធ្នូ ក្រោយពីទទួលបានរូបភាព និងសកម្មភាពបទល្មើសនេសាទប្រើប្រាស់ឧបករណ៍អូសនាមសម័យដោយមានប្រើម៉ាស៊ីនផងនោះ លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមថា លោកបានចាត់តាំងឲ្យលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចុះបង្ក្រាបករណីនេះដោយសុំការសហការពីកងកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីទទួលបានរូបភាព និងព័ត៌មាននៃបទល្មើសខាងលើនេះ លោកក៏បានចាត់តាំងឲ្យលោកវរសេនីយ៍ឯក ជិន សុផាត ដឹកនាំមន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយអធិការនគរបាលស្រុកទាំង២ គឺស្រុកជល់គិរី និងស្រុកកំពង់ត្រឡាច និងសមត្ថកិច្ចជលផលចុះបង្ក្រាបករណីនេះនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ដោយធ្វើការស្រាវជ្រាវចាប់ឲ្យបាន ដើម្បីរួមគ្នាអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ដោយមិនអនុញ្ញាតឱ្យមានមានបទល្មើ សនេសាទយ៉ាងអនាធិបតេយ្យបែបនេះនៅក្នុងដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំងឡើយ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រុមអ្នកសារព័ត៌មានដែលបានចុះបំពេញបេសកកម្មជាមួយកម្លាំងចម្រុះខាងលើនេះ បានបញ្ជូនរូបភាពក្នុងបានរាយការណ៍មកបណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំងថា ទូកអូសនាមសម័យចំនួន៣គ្រឿង ត្រូវបានកម្លាំងចម្រុះធ្វើការចាប់ឃាត់បាននៅព្រឹកថ្ងៃទី២១ ខែធ្នូ និងកំពុងនាំយកមកកាន់ស្នាក់ការខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធីផងដែរ៕