(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, ការិយាល័យមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «កម្ពុជា-ចិន រួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩»

ក្នុងសិក្ខាសាលារួមគ្នានេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំព្រឹទ្ធសភាកម្ពុជា, ក្រសួងសុខាភិបាល, ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រយោធាចិនជួយកម្ពុជា, ក្រុមអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនជួយកម្ពុជា ទប់ស្កាត់កូវីដ១៩, អ្នកជំនាញវេជ្ជសាស្ត្រកម្ពុជា និងក្រុមគ្រូពេទ្យកម្ពុជា។

ប្រធានបទ នៃសិក្ខាសាលានេះគឺ «កម្ពុជា-ចិន រួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩» ដែលអ្នកចូលរួមទាំងអស់ បានពិភាក្សាអំពីថា តើកម្ពុជា និងចិនបានសាមគ្គីគ្នាដូចម្ដេចខ្លះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងមក។ ក្នុងនោះក៏បានរំឭកឡើងវិញ អំពីរយៈពេលបីឆ្នាំកន្លងមកនេះ ប្រទេសចិនខិតខំស្រាវជ្រាវផលិតវ៉ាក់សាំងកូវីដ១៩ ផ្ដល់ជំនួយដល់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលតាមតែអាចធ្វើបាន ស្វែងយល់អំពីគោលនយោបាយថ្មីបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន ដើម្បីរួមគ្នាត្រៀមខ្លួនបញ្ចូលថាមពលកាន់តែខ្លាំងក្លា ទៅក្នុងសហគមន៍ជោគវាសនារួមកម្ពុជាចិន។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានណែនាំអ្នកចូលរួមទាំងអស់ ក្នុងសិក្ខាសាលាឲ្យបានយល់អំពីស្ថានភាពកែសម្រួល គោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន និងបានបញ្ជាក់ថា ការកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន ឆ្លុះបញ្ចាំងពីជំហររបស់ប្រជាជន និងស្មារតី នៃការស្វែងរកការពិត និងជឿនលឿនទៅតាមសម័យកាល។ រដ្ឋាភិបាលចិន បានបង្កើនប្រសិទ្ធភាព និងកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតទៅតាមពេលវេលា និងស្ថានភាព។

គោលបំណង គឺដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការរាតត្បាតរបស់មេរោគមកលើជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ការពារយ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិទ្យាសាស្រ្ត នូវសុវត្ថិភាពអាយុជីវិតប្រជាជន និងធានាឲ្យបាននូវដំណើរការ ប្រកបដោយសណ្តាប់ធ្នាប់ នៃសេដ្ឋកិច្ច និងសង្គម។ ស្របពេលជាមួយគ្នានេះ ការកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន គឺអំណោយផលដល់ការផ្លាស់ប្ដូរស៊ីជម្រៅ ជាមួយពិភពខាងក្រៅ និងការចាក់បញ្ចូលថាមពលវិជ្ជមាន ចូលទៅក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក។

លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា និងចិន បានជួយគ្នាទៅវិញទៅមក ហើយប្រទេសចិនបានចាត់បញ្ជូនក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺឆ្លងជាច្រើនលើក ព្រមទាំងបរិច្ចាគសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ជាច្រើនដូស និងច្រើនលើកមកកាន់ប្រទេសកម្ពុជា ជួយឲ្យកម្ពុជា ទទួលបានលទ្ធផលល្អ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

រដ្ឋាភិបាលក៏ដូចជាប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន នៅតែបន្តការជួយយកអាសារគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា ជំរុញ និងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ។

ថ្មីៗនេះប្រទេសចិន បានកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតម្ដងទៀតដែលនេះ គឺជាការសម្របខ្លួនតាមស្ថានភាពជាក់ស្ដែង និងជាសកម្មភាពរបស់ប្រទេសចិនខ្លួនឯងផ្ទាល់ដើម្បីបង្កើនភាពត្រឹមត្រូវ នៃការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត ដើម្បីអនុវត្តវិធានការមានប្រសិទ្ធភាព ក្នុងការសម្របសម្រួលសុវត្ថិភាពសុខភាព និងស្ដារឡើងវិញជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជន។

ជាមួយគ្នានេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា កម្ពុជាតាមដានស្ថានភាពជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសចិនជាប់ជានិច្ច ហើយយល់ឃើញថា ការកែសម្រួលជាបន្តបន្ទាប់នូវវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសចិន គឺមានភាពប្រុងប្រយ័ត្ន សមស្របតាមបែបវិទ្យាសាស្ត្រ។ ភាគីចិនរក្សាគោលជំហរ «យកប្រជាជនជាសំខាន់ យកអាយុជីវិតជាសំខាន់» ថែរក្សាការពារអាយុជីវិតប្រជាជន ដោយបានកាត់បន្ថយអត្រាឆ្លង អត្រាឈឺធ្ងន់ និងអត្រាស្លាប់ឲ្យទាបជាងគេបំផុតលើពិភពលោកយ៉ាងជោគជ័យ។

លោកស្រី យក់ សម្បត្តិ យល់ឃើញថា ការកែសម្រួលជាបន្តបន្ទាប់នូវវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន គឺមានភាពប្រុងប្រយ័ត្ន និងត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ដែលមិនត្រឹមតែធានាបាននូវសុវត្ថិភាពអាយុជីវិតរបស់ប្រជាជន ជាអតិបរមាប៉ុណ្ណោះទេ ថែមទាំងអាចស្ដារឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច និងសង្គមប្រកបដោយរបៀបរៀបរយដែលផ្ដល់ប្រយោជន៍ដល់តំបន់ និងពិភពលោកឆ្ពោះទៅរកការអភិវឌ្ឍន៍ផងដែរ។

អ្នកចូលរួមក្នុងសិក្ខាសាលាទាំងអស់បាន យល់ឃើញជារួមថា កម្ពុជា ចិន ចាប់ដៃគ្នាឆ្ពោះទៅមុខ តស៊ូជំនះការលំបាក ដែលនេះបានបង្កើតជាគំរូ នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ សម្រាប់សហគមន៍អន្តរជាតិ និងបានបង្ហាញថា កម្ពុជា និងចិន គឺជាមិត្តដែកថែបពិតប្រាកដ។

ឈរនៅលើចំណុចចាប់ផ្ដើមនៃដំណើរថ្មី ប្រទេសកម្ពុជា និងចិន នឹងពួតដៃប្រកៀកស្មាគ្នាឆ្ពោះទៅមុខ ធ្វើឲ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស វេជ្ជសាស្ត្រ ជាដើម ដើម្បីគូសវាសគម្រោងថ្មីសម្រាប់ «សហគមន៍ជោគវាសនារួមកម្ពុជា ចិន»

នៅក្នុងសិក្ខាសាលានេះ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ក៏បានឧបត្ថម្ភឧបករណ៍តេស្តរហ័ស ពិនិត្យរកជំងឺកូវីដ១៩ ចំនួន៧០ម៉ឺនតេស្ត ជូនដល់ព្រឹទ្ធសភាកម្ពុជាផងដែរ៕