(កណ្ដាល)៖ ក្រុង/ស្រុកទាំង១១ នៃខេត្តកណ្ដាល ដែលមានខ្នងផ្ទះជាក់ស្តែងសរុប២៦៣,៩៦៣ខ្នង បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំងស្រុង១០០ភាគរយ ហើយក៏ទទួលបានការវាយតម្លៃផ្ទៀតផ្ទាត់ជាផ្លូវការ ពីក្រសួងអភិវឌ្ឍន៍ជនបទ និងទទួលបានពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលផងដែរ។
ដើម្បីជាការអបអរសាទរ រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំពិធីដង្ហែក្បួនអមជាមួយពានជ័យលាភី នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ ចាប់ពីផ្លូវក្រុងលេខ១០២ (គល់ស្ពានដែកតាខ្មៅ) រហូតដល់រង្វង់មូលព្រះនរាយណ៍ ហើយក៏នឹងមានការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នផងដែរ ដើម្បីសម្រួលដល់ការដង្ហែក្បួននេះ។
សេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដកណ្ដាល បានឲ្យដឹងថា ការផ្អាកចរាចរណ៍បណ្ដោះអាសន្ននេះ នៅកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីផ្លូវជាតិលេខ២១បេ រហូតដល់រង្វង់មូលតាខ្មៅ បត់តាមផ្លូវក្រុងលេខ១០២ និងផ្លូវក្រុងលេខ២០៦ ចាប់ពីផ្លូវក្រុងលេខ១០៧ រហូតដល់ផ្លូវក្រុងលេខ១០២ (គល់ស្ពានដែកតាខ្មៅ) ដល់រង្វង់មូលព្រះនរាយណ៍។
ពាក់ព័ន្ធផែនការ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅខេត្តកណ្ដាល លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (PWG-RWSSH) ធ្លាប់បានបញ្ជាក់ថា ក្រុង/ស្រុកទាំង១១ មាន១២៧ឃុំ/សង្កាត់ ស្មើនឹង១០១០ភូមិ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល១០០% ដោយខ្នងផ្ទះជាក់ស្តែង សរុប២៦៣,៩៦៣ ហើយចំនួនខ្នងផ្ទះដែលបានប្រើបង្គន់អនាម័យផ្ទាល់ខ្លួនសរុប២៥១,៩៥២ ស្មើនឹង៩៥.៤% និងចំនួនខ្នងផ្ទះប្រើបង្គន់អនាម័យរួមសរុប១២,០១១ ស្មើនឹង៤.៦%។
លោក នុត ពុធដារ៉ា បានបន្តថា ប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះបានផ្លាស់ប្តូរឥរិយាបទ បានដោយប្រើប្រាស់បង្គន់ លាងដៃនឹងសាប៊ូ និងហូបទឹកមានសុវត្ថិភាព ដែលធ្វើឲ្យខេត្តកណ្ដាលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ។ ហេតុដូចនេះហើយបានជាក្រសួងអភិវឌ្ឍន៍ជនបទចាត់មន្ត្រីបច្ចេកទេស រួមជាមួយអង្គការដៃគូពាក់ព័ន្ធនានាចុះមកពិនិត្យផ្ទៀងផ្ទាត់ស្ថានភាព ODF នៅក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងរបាយការណ៍សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ (២០១៨-២០២២) ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជា មានខេត្ដចំនួន៣ហើយ ដែលត្រូវបានប្រកាសជាផ្លូវការ ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងនោះ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្ដាល ដែលត្រូវប្រកាសនៅថ្ងៃទី២២ ខែធ្នូស្អែកនេះ។
ក្រសួងក៏ធ្លាប់អះអាងថា ប្រទេសកម្ពុជា ជាប្រទេសដែលទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងពិភពលោក ដែលបានកាត់បន្ថយចំនួនអត្រាភាគរយអ្នកបន្ទោបង់ពាសវាលពាសកាលពី ៨២,៧% នៅឆ្នាំ២០០០ មកត្រឹម៤០,៦% នៅឆ្នាំ២០១៥។ លទ្ធផលជាវិជ្ជមាននេះ បានមកដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គួបផ្សំជាមួយនឹងការចូលរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលក្រៅប្រទេស និងអង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសអ្នកពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ៕