(ភ្នំពេញ)៖ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាដហុក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកសាកសួរ បន្ថែមនៅតុលាការហើយ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ។ នៅខណៈនេះ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាដហុក កំពុងស្ថិតនៅក្នុងការ សាកសួររបស់តុលាការជុំវិញ បទល្មើសសូកប៉ាន់សាក្សី ពាក់ព័ន្ធរឿងអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
កាលពីព្រឹកមិញនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានបញ្ចប់ការសាកសួរ លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក។ ក្រោយបញ្ចប់ការសាកសួរ លោក ណៃ វ៉ង់ដា ពុំបាននិយាយអ្វីទៅកាន់អ្នកសារព័ត៌មាននោះទេ មុនឡើងរថយន្តពន្ធនាគារ ទៅពន្ធនាគារព្រៃសវិញ នៅថ្ងៃដដែលនោះ។
សូមបញ្ជាក់ថា កាលពីចុងខែមេសា ឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ត្រីសមាគមអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប ១រូបបន្ទាប់ពីមានតម្រុយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក្នុងនោះ រួមមានមន្រ្តីអាដហុក លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ។
មន្រ្តីអាដហុក៤នាក់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី ដែលពួកគេត្រូវបានសាលាដំបូងឃុំខ្លួន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ខណៈដែល អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្រ្តីអាដហុកនោះ ត្រូវបានតុលាការចោទពីបទសមគំនិតសូកប៉ាន់សាក្សី៕