(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផ្សារបច្ចេកវិទ្យាខ្មែរ» (Khmer Tech Market)។ ពិធីនេះបានប្រព្រឹត្តទៅនៅអគារ The Kampus។

ថ្លែងក្នុងឱកាសនោះលោក ហ៊ុន ម៉ានី បានបញ្ជាក់ថា «ផ្សារបច្ចេកវិទ្យាខ្មែរ» ត្រូវបានអភិវឌ្ឍក្នុងគោលបំណងសំខាន់២ រួមមាន ទី១៖ ដើរតួជាថ្នាលឌីជីថលដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឲ្យមានការផ្គូផ្គង រវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់ លើសេវាកម្មបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម ដើម្បីផ្ដល់គុណតម្លៃបន្ថែម ដល់អ្នកដែលមានទេពកោសល្យក្នុងស្រុក និងទី២៖ ដើរតួជាថ្នាលឌីជីថល សម្រាប់ការបង្កើតនូវតម្រូវការថ្មីៗ ដើម្បីផ្ដល់ឱកាសដល់អ្នកជំនាញ និងអ្នកបច្ចេកទេសផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្មនៅកម្ពុជា ដែលមានទេពកោសល្យល្អ ក្នុងការផ្សព្វផ្សាយអំពីសេវារបស់ខ្លួន និងងាយស្រួលស្វែងរកទីផ្សារ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ផ្សារបច្ចេកវិទ្យាខ្មែរ» នឹងក្លាយជាថ្នាលឌីជីថលដែលប្រមូលផ្ដុំគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្ដល់ដំណោះស្រាយឌីជីថល សម្រាប់អាជីវកម្ម ការបំពេញការងារ និងសកម្មភាពសេដ្ឋកិច្ចសង្គម។ ក្នុងន័យនេះ «ផ្សារបច្ចេកវិទ្យាខ្មែរ» នឹងរួមចំណែកដល់ការកសាងសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា តាមរូបភាពសំខាន់ៗចំនួន៣រួមមាន៖

*ទី១៖ «ផ្សារបច្ចេកវិទ្យាខ្មែរ» ជាសមាសធាតុមួយថ្មី ដែលនឹងចូលរួមជួយគាំទ្រការពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធទន់ គាំទ្រដល់ការសម្រេចទិសដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា

*ទី២៖ «ផ្សារបច្ចេកវិទ្យាខ្មែរ» ជាថ្នាលថ្មីមួយ ដែលបង្កើតឱកាសសម្រាប់អ្នកដែលមាន ទេពកោសល្យ ទាំងជាលក្ខណៈបុគ្គល ជាអ្នកធ្វើការឯករាជ្យ (Freelancer) ទាំងជាលក្ខណៈក្រុមហ៊ុន ដែលជំរុញទេពកោសល្យកូនខ្មែរ លើផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្ម ឲ្យកាន់តែប្រសើរឡើង

*ទី៣៖ ការបង្កើត «ផ្សារបច្ចេកវិទ្យាខ្មែរ» នឹងជួយបំផុសដល់ផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ លើផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្ម ឲ្យកាន់តែមានចំណាប់អារម្មណ៍បន្ថែមទៀត ក្នុងការផ្តល់ និងការទទួលសេវា។

ជាមួយគ្នានេះ លោក អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានបញ្ជាក់ថា ថ្នាល «ផ្សារបច្ចេកវិទ្យាខ្មែរ» ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ទាំងអ្នកផ្គត់ផ្គង់សេវា និងអតិថិជនដែលមានតម្រូវការ ដូចជា៖ មានមុខងារផ្គូផ្គងរវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់, មានមុខងារផ្ញើសារទៅវិញទៅមកនៅលើថ្នាល, មានការជូនដំណឹង (Notification), មិនមានការបង់ប្រាក់ប្រចាំខែ, មិនមានការបង់ប្រាក់សមាជិកភាព, បង្ហោះសេវាកម្ម និងការងារ ដោយគ្មានដែនកំណត់ និងឥតគិតថ្លៃ, និងងាយស្រួលប្រើប្រាស់ ទាំងសម្រាប់អ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការ។

តួអង្គដែលជាអ្នកផ្គត់ផ្គង់នៅក្នុងថ្នាល «ផ្សារបច្ចេកវិទ្យាខ្មែរ» អាចមានជាលក្ខណៈក្រុមហ៊ុន, អ្នកធ្វើការឯករាជ្យ (Freelancer) អាចជានិស្សិត, អ្នកកំពុងបំពេញការងារ និងអ្នកគ្មានការងារធ្វើ ជាដើម។ ដោយឡែក តួអង្គដែលជាអ្នកមានតម្រូវការ អាចជាសាធារណជនទូទៅ, ស្ថាប័នរដ្ឋ, ស្ថាប័នឯកជន និងអង្គការជាដើម។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលកម្ពុជា ៤.០ ផ្តល់នូវ «លំហ» (Space) សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញឌីជីថលូបនីយកម្ម ដែលតាមរយៈ «ផ្សារបច្ចេកវិទ្យាខ្មែរ» មជ្ឈមណ្ឌលកម្ពុជា ៤.០ នឹងបង្កើតនូវលំហ សម្រាប់ការផ្គូផ្គងរវាងអ្នកមានតម្រូវការ និងអ្នកផ្គត់ផ្គង់ឲ្យបានជួបគ្នា ដោះដូរសេវា និងប្រតិបត្តិការការងារ៕