(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ នឹងរៀបចំកម្មវីធីជិះទូកកម្សាន្ត និងកម្មវិធីកម្សាន្តជាច្រើនទៀត រយៈពេល០៨ថ្ងៃ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំ២០២៣។

យោងតាមផេករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នៅថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរអង្គភាពពាក់ព័ន្ធនានា រៀបចំកម្មវិធីជិះទូកកម្សាន្ត កម្មវិធីកម្សាន្តនានា រយៈពេល០៨ថ្ងៃ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ដល់ស្ពានថ្មវត្តដំណាក់។

ក្នុងនោះដែរ មានកម្មវិធីកម្សាន្តសប្បាយជាច្រើនរួមមាន៖ ការជិះទូកកម្សាន្តតាមដងស្ទឹងសៀមរាប ការតាំងពិព័រណ៍ កម្មវិធីផ្សារទឹក កម្មវិធីប្រគុំតន្រ្តី។ល។ ចំពោះការរៀបចំកម្មវិធីនេះ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តសប្បាយ ស្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប និងចូលរួមឱ្យបានច្រើនកុះករផងដែរ៕