(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១១៤គ្រួសារ នៅក្នុងភូមិសាស្រ្តស្រុកកំពង់សីលា។

យោងតាមរបាយការណ៍របស់លោក ឆាយ សុគន្ធដា អភិបាលស្រុកព្រៃនប់ បានបង្ហាញថា កាលពីថ្ងៃទី១៨ ដល់ថ្ងៃ២០ ខែធ្នូ នៅស្រុកកពង់សីលា មានចំនួន ១១៤គ្រួសារ មកពី៣ឃុំ ក្នុងនោះមកពីអូរបាក់រទះចំនួន ១៧គ្រួសារ ឃុំកំពង់សីលា ៥៣គ្រួសារ និងឃុំស្ទឹងឆាយ ៤៤គ្រួសារ បានរងគ្រោះដោយសារគ្រោះធម្មជាតិមួយនេះ។

ក្រោយទទួលបានព័ត៌មានពីគ្រោះធម្មជាតិ, លោក គួច ចំរើន បានដាក់ចេញវិធានការ និងណែនាំដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ដាក់ចេញវិធានការ និងមធ្យោបាយចាំបាច់នានា ដើម្បីជួយសម្របសម្រួល ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ទន្ទឹមនោះក្រុមការងារាជរដ្ឋាភិបាល ក៏បានចុះមកដល់មូលដ្ឋានរងគ្រោះផងដែរ និងជួយសម្រួលអ្នករងគ្រោះព្រោះខ្យល់ទាំងនេះ ពិសេសនៅស្រុកព្រៃនប់ ដែលបំផ្លាញផ្ទះអស់ ២,៥២៩ខ្នង និងរលំផ្ទះទាំងស្រុង ២៩ខ្នង ព្រមទាំងធ្វើឱ្យរងរបួសមនុស្សចំនួន ៥នាក់។ ក្រុមការងារបានបញ្ជូនអ្នករងរបួសទៅកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា គ្មាននរណាម្នាក់ប៉ះពាល់អាយុវីជិត ហើយមិនមានប្រជាពលរដ្ឋណាម្នាក់អត់បាយនោះទេ។

ក្នុងឱកាសនោះលោក គួច ចំរើន បានកោតសរសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបការលំបាក ហើយបានលើកសំណើរមកជូនសាខា ដើម្បីដោះស្រាយទាន់ពេលវេលា ដោយមិនគិតពីនិន្នាការនយោបាយ ពូជសាសន៍ ពណ៌សប្បុរ និងសាសនាអ្វីឡើយ។

អំណោយដែលប្រជាពលរដ្ឋរងគ្រោះទទួលបានក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល១ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០,០០០រៀល។ ដោយឡែកអ្នកស្ម័គ្រចិត្ត ១៧នាក់ ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕