(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ បង្ហោះរូបភាពស្លៀកពាក់ឈុតកីឡាបាល់ទាត់ ក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅមាត់សមុទ្រខេត្តព្រះសីហនុ។
ជាមួយនឹងការបង្ហោះរូបភាពនេះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ ពីការអញ្ជើញទៅដល់ខេត្តព្រះសីហនុ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវតភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ តម្លៃ៧៦លានដុល្លារ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ។
សម្តេចតេជោ បានបង្ហោះរូបថតជាមួយនឹងខ្លឹមសារយ៉ាងដូច្នេះថា «ព្រឹកប្រជុំ និងធ្វើការងារនៅភ្នំពេញ បាយថ្ងៃត្រង់ហើយ ពេលរសៀលធ្វើដំណើរតាមផ្លូវល្បឿនលឿន មកមុជទឹកសមុទ្រ នៅក្រុងព្រះសីហនុ ដើម្បីស្អែកនេះចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែទៀត»៕