(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ មកពីស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ចំនួន៣២២នាក់។

ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅវត្តសុវណ្ណវតី ហៅវត្តព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

នាឱកាសនេះ លោក គង់ សោភ័ណ្ឌ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

លោកអភិបាលបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំទប់ស្កាត់ការរាលដាលមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នករងផលប៉ះពាល់ពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឱ្យកាន់តែទូលំទូលាយថែមទៀត។

គួរជម្រាបថា អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ ចំនួន ៣២២នាក់ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ម៉ាស ១កញ្ចប់, ជែល ១ដប, អាវរងារ ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល៕