(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី អមដំណើរដោយអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានបន្តនាំយកអំណោយ របស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះរួមមាន៖ ជនចាស់ជរា ជនទីទាល់ក្រ ស្ត្រីមេម៉ាយក្រីក្រ និងជនមានពិការភាពចំនួន១២៦ គ្រួសារនៅឃុំសិរីមង្គល ស្រុកកូនមុំ ក្រោយប្រជាពលរដ្ឋ២១៦គ្រួសារ នៅស្រុកលំផាត់ ក៏ទទួលបានអំណោយដូចគ្នាកាលពីម្សិលមិញ។
បន្ទាប់ពីលោក សេក ហៃ អភិបាលស្រុកកូនមុំ បានរាយការណ៍សង្ខេបពីស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋរួចមក លោក ញ៉ែម សំអឿន បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកបានបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត លោកត្រូវធានាធ្វើយ៉ាងណាអនុវត្តន៍ឱ្យខាងតែបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាលជាជំហ៊ានៗ ជាក់ស្តែងជាសក្ខីភាពស្រាប់ នាថ្ងៃនេះយើងបាន និងកំពុងរៀបចំពិធីចែក នូវអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ គឺជាការចែករំលែកជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ គណបក្សនយោបាយណាមួយឡើយ ត្រូវយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋងាយរងគ្រោះគ្រប់មុខសញ្ញា ដែលវិស័យសង្គមកិច្ចយកចិត្តទុកដាក់ដោះស្រាយ។
លោក ញ៉ែម សំអឿន និងលោកស្រី ព្រមទាំងអ្នកអមដំណើរ បានអញ្ជើញចែកអំណោយប្រជាពលរដ្ឋទាំង ១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី០១កេសតូច ត្រីខ០១យួរ ឃិត០១កញ្ចប់។ ដោយឡែកក្នុងឱកាសនេះលោកអភិបាលខេត្តបានផ្តល់ជូនរទេះរុញ ជូនជនពិការចំនួន៨នាក់ ក្នុងម្នាក់ទទួលបានរទេះរុញ១គ្រឿង និងបានផ្ដល់ជូនដល់សាលាស្រុកកូនមុំ នូវមុងការពារជំងឺគ្រុនចាញ់ចំនួន ៣០០មុង ព្រមទាំងសាប៊ូ ៣០០ដុំ ដើម្បីចែកជូនប្រជាពលរដ្ឋបន្តផងដែរ៕