(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រគល់ជនជាតិថៃប្រុស-ស្រី ចំនួន៧នាក់ ឱ្យទៅប្រទេសខ្លួនវិញ បន្ទាប់ពីពួកគាត់ចាញ់បោកមេខ្យល់ នាំទៅធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង។

លោកវរសេនីយ៍ឯក ជួន សារី នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ជនជាតិថៃទាំង៧នាក់នេះ ត្រូវបានប្រគល់ជូនលោកវរសេនីយ៍ឯក រុង ថងមន្ត (ROONG THONGMON) នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃ ប្រចាំខេត្តស្រះកែវ ដើម្បីជូនពួកគេទៅស្រុកកំណើតវិញ។

នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ជនជាតិថៃចំនួន៧នាក់ បានចាញ់បោកមេខ្យល់ នាំទៅធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង តែត្រូវបានមេខ្យល់ទុកពួកគេចោល។

លោកបានបញ្ជាក់ថា ដោយជនជាតិថៃទាំង៧នាក់ បានទំនាក់ទំនងទៅស្ថានទូតថៃ ប្រចាំកម្ពុជា ទើបបានចេញកំណត់ទូតជូនពួកគាត់ ឱ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕