Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរ៉ែ សម្រេចដកហូតអាជ្ញាប័ណ្ណ រុករករ៉ែមាស នៅស្រុកភ្នំព្រឹក របស់ក្រុមហ៊ុនចិន «ភូយ៉ាង» ជាបណ្តោះអាសន្ន

21-06-2016 14:50

(បាត់ដំបង)៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាថា អាជ្ញាប័ណ្ណរុករករ៉ែមាស នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង របស់ក្រុមហ៊ុនចិន «ភូយ៉ាង» (PHU YANG Cambodia Co., Ltd) ត្រូវបានក្រសួងសម្រេចព្យួរអាជ្ញាប័ណ្ណ ជាបណ្តោះអាសន្នហើយ។

ការអះអាងរបស់លោករដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារ ការជីករ៉ែនៅស្រុកភ្នំព្រឹក នៅសាលាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។

ការសម្រេចដកហូតអាជ្ញាធរប័ណ្ណ ក្រុមហ៊ុនរុករករ៉ែមាស របស់ក្រុមហ៊ុន ភូយ៉ាងនេះ បន្ទាប់ពីក្រសួងបានរកឃើញ ភាពមិនក្រក្រតីខ្លះ ដែលចូលពីមជ្ឈដ្ឋានខាងក្រៅ ធ្វើឲ្យមានការប៉ះពាល់ដល់លក្ខន្តិកៈរបស់ក្រុមហ៊ុនមួយនេះ។ ម្យ៉ាងវិញទៀត ក៏មានភាពអាណាធិបតេយ្យ នៃការរុករករ៉ែ ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន (ម្ចាស់កម្មសិទ្ធិដី) ក្នុងនោះក៏មានអ្នកមកពីចម្ងាយលួច បន្លំចូលធ្វើរករ៉ែមាសនៅទីនោះ ផងដែរ។

ជាពិសេសជាងនេះ ក្រសួងបានរកឃើញ មានការបំផ្ទុះ ដោយរំសេវបំបែកថ្មភ្នំ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅ ជិតខាងនោះ ក៏អាចមានការប៉ះពាល់បរិស្ថាននៅជុំវិញផងដែរ។

លោក ស៊ុយ សែម បានថ្លែងក្នុងកិច្ចប្រជុំថា ចំពោះដីរបស់ប្រជាពលរដ្ឋ ដែលបានធ្វើរ៉ែជាលក្ខណៈគ្រួសារ ត្រូវចុះជំរឿនស្ថិតិឲ្យបាន ច្បាស់លាស់ ដើម្បីបង្កើតសហគមន៍ស្របច្បាប់ តាមបច្ចេកទេសណែនាំ ពីមន្រ្តីជំនាញផង។ ចំណែកក្រុមហ៊ុនចិន «ភូយ៉ាង» ត្រូវបានព្យួរ ជាបណ្តោះអាសន្នសិន ដើម្បីក្រសួងចុះពិនិត្យមើលថា តើក្រុមហ៊ុនបានធ្វើទៅតាម លក្ខន្តិកៈរបស់ខ្លួនត្រឹមត្រូវ ហើយឬនៅ?

លោក ស៊ុយ សែម បានបញ្ជាក់ទៀតថា​ បើក្រុមហ៊ុនធ្វើត្រឹមត្រូវក្រសួង នឹងផ្តល់អាប័ណ្ណឲ្យវិញ តែបើធ្វើមិនត្រឹមត្រូវតាមលក្ខខណ្ឌ គោលការណ៍ច្បាប់ទេ ក្រសួងនឹងត្រូវបញ្ចប់អាជ្ញាប័ណ្ណ បញ្ឈប់លែងឲ្យក្រុមហ៊ុននេះ ធ្វើបន្តទៀតបានឡើយ៕