(ឧត្តរមានជ័យ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បាននាំអំណោយមនុស្សធម៌យកទៅចែកជូនប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតលំនៅដ្ឋាន ស្ថិតនៅភូមិអូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង។

ពិធីនេះស្ថិតក្រោមវត្តមានលោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ តំណាងលោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកា សមាជិកា និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

លោក ឃិន ញ៉ាណ បានថ្លែងថា ថ្ងៃនេះដោយបានការអនុញ្ញាតពីលោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ លោកបានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរ មូលដ្ឋានសង្កាត់កូនក្រៀល ក្រុងសំរោង ផ្ដល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋចំនួន១២គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ដ្រាក់ខូចខាតលំនៅដ្ឋាន កាលពីល្ងាចថ្ងៃ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិអូរពក។

លោក ឃិន ញ៉ាណ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីទេសរដ្ឋមន្ត្រី គន់ គីម ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ និងលោក ប៉ែន កុសល្យ ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងតែមានការព្រួយបារម្ភគិតគូរជានិច្ច ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់។

លោក ឃិន ញ៉ាណ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការពារពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដូចជា ខ្យល់កន្ត្រាក់ គ្រោះអគ្គិភ័យ និងត្រូវថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ សម្ភារដែលផ្ដល់ជូននៅពេលនេះក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ សារុង១ ភួយ១ ក្រមា១ ទឹកស៊ីអ៉ីវ១យួរ, ម៉ាសចំនួន០៥បន្ទះផងដែរ៕