(សៀមរាប)៖ ក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំតាមដានត្រួតពិនិត្យ វាយតម្លៃលើកការគ្រប់គ្រងមន្ត្រីរាជការ របស់រដ្ឋបាលខេត្តសៀមរាប។
ពិធីនេះក៏មានការចូលរួមពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក លី សំរិទ្ធ អភិបាលរងខេតកតសៀមរាប និងក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ជូន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត និងទីចាត់ការ អង្គភាព មន្ត្រីរាជការចំណុះសាលាខេត្តសៀមរាប និងមន្ទីរសុខាភិបាលខេត្តផងដែរ។
ក្នុងឱកាសនោះលោក លី សំរិទ្ធ បានធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាព សមិទ្ធផលរបស់ខេត្ត សំខាន់លើការងារគ្រប់គ្រង ដឹកនាំមន្ត្រីរាជការ ព្រមទាំងបានបញ្ជាក់អំពីតួលេខក្របខ័ណ្ឌនៃមន្ត្រីរាជការ បម្រើការងារនៅរដ្ឋបាលខេត្ត និងការបម្រើលើការងារសេវាសាធារណៈ ជូនប្រជាពលរដ្ឋផងដែរ។
លោក លី សំរិទ្ធ ក៏បានលើកឡើងពីកិច្ចអភិវឌ្ឍន៍របស់ខេត្តលើគ្រប់វិស័យ ក្រោយពេលដែលមានភាពធូស្រាលនៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបើកប្រទេសឡើងវិញ បានធ្វើឱ្យវិស័យសេដ្ឋកិច្ចទេសចរណ៍ បានកំពុងធ្វើការស្តារឡើងវិញ និងធ្វើឱ្យកំណើនភ្ញៀវជាតិ និងអន្តរជាតិកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
លោកក៏បានបញ្ជាក់ អំពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសចងសម្ព័ន្ធមេត្រីភាព ជាមួយខេត្តសៀមរាបផងដែរ។ លោក ជូន រក្សា បានលើកឡើងថា កិច្ចប្រជុំនេះក្នុងគោលបំណង ដើមី្បពង្រឹងប្រព័ន្ធគ្រប់គ្រង កិច្ចការរដ្ឋបាល នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមាន តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តមុខងារ តួនាទី ភារកិច្ច និងការគ្រប់គ្រង ការចាត់ចែង ការផ្តល់សេវាសាធារណៈ និងការប្រើប្រាស់ធនធាន ដោយផ្អែកតាមគោលការណ៍ នីតិវិធី ស្តង់ដាសេវា និងស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលបានកំណត់។
លោកបានបន្តថា ក្រុមការងារក្រសួងមហាផ្ទៃ និងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃទៅលើការអនុវត្តប្រព័ន្ធគ្រប់គ្រង ការចាត់ចែងកិច្ច ការរដ្ឋបាល ការបំពេញតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា ព្រមទាំងការគ្រប់គ្រងវត្តមានបុគ្គលិក មន្ត្រីរាជការ និង ពិនិត្យនីត្យានុកូលភាព លើសំណុំឯកសារ លិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា និង កិច្ចការមានការ ពាក់ព័ន្ធ របស់រដ្ឋបាលខេត្តសៀមរាប។ ដើមី្បធានាឱ្យបានការអនុវត្តសេវាសាធារណៈនោះ ត្រូវទាមទាក្នុងការពង្រឹងនូវសមត្ថភាពរបស់មន្ត្រី តាមរយៈវគ្គបណ្តុះបណ្តាលទៅតាមជំនាញ។
ក្នុងនោះដែរ លោកក៏បានធ្វើការកោតសរសើរលើការគ្រប់គ្រងសេវាសាធារណៈរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ព្រមទាំងគ្រប់គ្រងសេវាលើចំណីអាហារ សណ្ឋាគារ ផ្ទះសំណាក់បានល្អ ក្នុងការទាក់ទាញដល់ភ្ញៀវចូលមកស្នាក់នៅកម្សាន្ត កាន់តែច្រើននៅបុណ្យឆ្លងឆ្នាំសកលពេលខាងមុខនេះ។
ជាមួយនេះដែរ លោក ជូន រក្សាក៏បានផ្តល់នូវគន្លឹះល្អៗ ជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីថ្នាក់ដឹកនាំក្រោមឱវាទយកទៅអនុវត្តទទួលបានជោគជ័យ។ ក្រោយពីកិច្ចប្រជុំតាមដានត្រួតពិនិត្យ វាយតម្លៃលើកការគ្រប់គ្រងមន្ត្រីរាជការនេះ លោកសង្ឃឹមថា រាល់បញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងខេត្តសៀមរាប និងត្រូវបានធ្វើការកាត់បន្ថយជាបណ្តើរៗ និងត្រូវបង្កើនការយកចិត្ត ក្នុងការតាមដានរាល់កិច្ចការអនុវត្តរបស់មន្ត្រី ក្រោមឱវាទគ្រប់ម៉ោងការងារ ក្នុងការលុបបំបាត់នូវមន្ត្រីអសកម្ម បក្សពួកនិយម សំដៅលើកកម្ពស់ការងារឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ៕