(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣ រាជបណ្ឌិត្យសភាកម្ពុជា នឹងសហកាជាមួយក្រសួងកសិកម្ម ដើម្បីសិក្សាពីពូជស្រូវផ្ការំដួល និងពូជស្រូវផ្កាម្លិះ។
ការលើកឡើងបែបនេះ របស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» នៅព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
លោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំផ្ញើសារទៅខាងកសិកម្ម ត្រូវតែបង្កើតផ្ទះមួយយ៉ាងហោចណាស់ ក៏មានគោមួយក្បាល ឬក៏មានក្របីមួយក្បាល ដែលវាផ្តល់ផលទាំងអស់ ស៉ីស្មៅផ្តល់លាមក និងជី […] វាដល់ពេលដែលយើងត្រូវរៀបចំខ្លួនឯងហើយ ប្រហែលនៅក្នុងឆ្នាំក្រោយនេះយើងនឹងរៀបចំធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម ដើម្បីសិក្សាអំពីពូជស្រូវ ពីព្រោះពូជស្រូវយើងល្អណាស់ គឺពូជស្រូវផ្ការំដួល និងផ្កាម្លិះ (ផ្កាម្លិះបើទោះបីជាដាំនៅប្រទេសថៃ ក៏ក្រអូប នៅខេត្តសូរិន ដែរ ឯខ្មែរយើងគឺល្អណាស់ យើងនឹងរួមសហការគ្នា ដើម្បីផលិតពូជខ្លួនឯង ផលិតជីខ្លួនឯង ហើយធ្វើយ៉ាងណាកុំឱ្យដីវាឆាប់ខូច»។
លោកបណ្ឌិត សុខ ទូច ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកាដល់លោក ដើម្បីទៅទិញពូជក្របីកម្រ ដើម្បីចិញ្ចឹម និងអភិរក្ស ខណៈសត្វក្របី គោ គឺបានផ្តល់ច្រើនណាស់ តាមរយៈការផ្តល់លាមក សម្រាប់ធ្វើជីកសិកម្ម តាមបែបធម្មជាតិ ដែលជាផ្នែកមួយចូលរួមទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ថាកសិកម្មកម្ពុជា មិនប្រើប្រាស់ជីគីមីទៅលើធម្មជាតិនោះទេ។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ស្បៀងដើរតួនាទីសំខាន់ខ្លាំងណាស់ អ៊ុយក្រែន ជាប្រទេសផលិតស្រូវសាលី ធំជាងគេបំផុត។ លោកក៏បង្ហាញអារម្មណ៍អាក់អន់ចិត្ត ដោយលើកឡើងថា ៖«នាំគ្នាជល់ប៊ីយ៉ែ អត់មានអ្នកណាជល់ស្រាសររបស់ខ្មែរទេ» ដែលនេះគឺកំពុងជួយទៅទីផ្សារអឺរ៉ុប ដែលគេជាអ្នកផលិតស្រូវសាលី។ ខណៈពលរដ្ឋខ្មែរ មិនសូវមានការគាំទ្រផលិតផលរបស់ខ្មែរ ដូចជាស្រាស ជាដើម។ ការនិយមប្រើប្រាស់ផលិតរបស់បរទេស គឺស្មើនឹងជួយសេដ្ឋកិច្ចរបស់ប្រទេសអឺរ៉ុប ដែលជាអ្នកផលិតស្រូវសាលី ចំណែកកម្ពុជា ជាប្រទេសផលិតអង្ករ ដូច្នេះ សូមយុវជនត្រូវចូលរួមលើកតម្កើងផលិតផលរបស់ខ្លួន។
បន្ថែមពីនេះ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា បើយើងបរិភោគ ផលិតផលដែលផលិតក្នុងស្រុក គឺយើងជួយលើកស្ទួយកសិកររបស់យើងបន្ថែមទៀត ដើម្បីក្លាយជាកម្លាំងជំរុញឱ្យមានការផលិតប្រកបដោយគុណភាព មិនមានជាតិគីមី។
បើតាមលោកបណ្ឌិត បានសង្កេតឃើញថា៖ «ប្រជាពលរដ្ឋកម្ពុជា និយមទទួលទានប៊ីយ៉ែច្រើន ដែលចំនួននៃការទិញនេះ ហាក់គាំទ្រខ្លាំងដល់ទីផ្សារអឺរ៉ុប។ កាលណា អ្នកឯងជល់ប៊ីយ៉ែមួយកែវ អ្នកឯងកំពុងជួយទៅទីផ្សារអឺរ៉ុប ទីផ្សារអ៉ីតាលី ទីផ្សារអ៊ុយក្រែន ដែលគេផលិតស្រូវសាលី មិនមែនជាកម្ពុជាឡើយ ព្រោះកម្ពុជាផលិតអង្ករ។ សម្រាប់ការផលិតប៊ីយ៉ែ មានតែទឹកប៉ុណ្ណោះ ដែលជាវត្ថុធាតុដើមរបស់ខ្មែរ ក្រៅពីនោះ សមាសធាតុផ្សេងទៀត ជារបស់គេទាំងអស់ ដែលក្នុងនោះរួមមានទាំងស្រូវសាលីផងដែរ»។
លោកបណ្ឌិត សុខ ទូច ក៏ស្នើដល់យុវជនទាំងអស់ ត្រូវយល់ពីបញ្ហាទាំងនេះ និងបន្ថែមទៀតថាប្រសិនបើយើងទិញអ្វីក៏ដោយ ដែលផលិតចេញពីអង្ករ ឬមានវត្ថុធាតុដើមរបស់ខ្មែរ នោះស្មើនឹងយើងជួយដល់សង្គមជាតិខ្លួនឯង។ លោកក៏បានលើកឡើងពីកត្តាជនខិលខូចមួយចំនួន ដែលកន្លងមក ផលិតស្រាស របស់ខ្មែរធ្វើឱ្យពុលដល់អ្នកទទួលទាន ដែលនេះជះឥទ្ធិពលខ្លាំងដល់ការនិយមផលិតផលស្រារបស់កម្ពុជា៕