(បន្ទាយមានជ័យ)៖ លោក ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹងនាំកំលាំងអាវុធហត្ថ ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ សិស្សានុសិស្ស ប្រជាពលរដ្ឋ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» នៅសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោក អ៊ុំ រាត្រី ក៏បានឡើងអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្នុងឪកាសទិវាពិភពលោកប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ ១ ឆ្នូ ឆ្នាំ២០២២ ជូនដល់អង្គពិធីបានស្តាប់ផងដែរ។

ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បើតាមការប៉ាន់ប្រមាណ របស់មន្ទីរសុខាភិបាលខេត្តនៅឆ្នាំ២០២២នេះ មានអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៣.៩៨២នាក់ ជំងឺនេះកើតឡើងដោយសារ ស្ត្រីបម្រើសេវាកំសាន្ត ក្រុមបំលែងភេទ ក្រុមបុរស ស្រឡាញ់បុរស និងស្ត្រីស្រឡាញ់ស្ត្រី។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា កន្លងមកដោយមានកិច្ចសហការគ្នាយ៉ាងសកម្មរវាងស្ថាប័នរដ្ឋ អង្ការជាតិ អន្តរជាតិ សា្ថប័នឯកជននានា មានយុទ្ធសាស្ត្របីយ៉ាង សំរាប់មានវិធានការការពារ ការព្យាបាល ថែទាំបន្តដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍គ្រប់គ្រងបានល្អធ្វើឲ្យជំងឺនេះ ចុះថយយ៉ាងខ្លាំងក្នុងខេត្តបន្ទាយមានជ័យផងដែរ៕