(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី ជ័យ ណារី អ៊ុំរាត្រី អនុប្រធានកិត្តិយសសាខា នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ បានប្រគល់ផ្ទះមនុស្សធម៌ទី៩ របស់សាខាកាកបាទក្រហមខេត្ត ជូនដល់គ្រួសារលោក ស៊ុត សុភី អាយុ៥៥ឆ្នាំ មានបន្ទុកគ្រួសារចំនួន៣នាក់ ស្រី២នាក់ រស់នៅភូមិកណ្តាល ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។
សូមបញ្ជាក់ថា ស្រុកព្រះនេត្រព្រះ ជាស្រុកមួយក្នុងចំណោមស្រុកក្រុងទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ដែលបានទទួលផ្ទះមនុស្សធម៌ពីសាខាចំនួន៣ខ្នង គិតត្រឹមថ្ងៃទី២០ ខែធ្នូ ផ្ទះទី១៖ សាងសង់ពីឈើប្រក់ស័ង្កសីក្រាលក្តា ជូនស្រ្តីមមេម៉ាយចាស់ជរា ឈ្មោះប៊ុ វ៉ើយ រស់នៅភូមិចក ឃុំរហាល ស្រុកព្រះនេត្រព្រះ ផ្តល់ជូនកាលពីឆ្នាំ២០១៨, ផ្ទះទី២៖ សាងសង់ពីឈើដូចនឹងផ្ទះទីមួយដែរ ហើយបានផ្តល់ជូនគ្រួសារស្រ្តីមេម៉ាយក្រីក្រ ឈ្មោះ វ៉ាន់ ស្រីនាង កាលពីឆ្នាំ២០១៩ រស់នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ និងផ្ទះទី៣៖ សាងសង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី បាតចាក់សាប ជាប្រភេទផ្ទះតៀម។
ក្នុងឱកាសនោះដែរ លោក អ៊ុំ រាត្រី បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបការលំបាក ហើយបានលើកសំណើរមកជូនសាខាដើម្បីដោះស្រាយទាន់ពេលវេលាដោយមិនគិតពីនិន្នាការនយោបាយ ពូជសាសន៍ ពណ៌សប្បុរ និងសាសនាអ្វីឡើយ។
លោកបានបន្ថែមទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ មានផែនការសាងសង់ផ្ទះជារៀងរាល់ឆ្នាំយ៉ាងហោចណាស់ក៏មាន២ខ្នង ក្នុងមួយឆ្នាំៗ ដូចនេះសូមឱ្យអនុសាខាផ្សេងទៀតសំឡឹងមើលគ្រួសារដែលមានជីវភាពខ្វះខាតដោយមិនអាចមានលទ្ធភាពសាងសង់ផ្ទះដោយខ្លួនឯងបានសូមលើកសំណើរមកសាខាកាកបាទក្រហម និងចុះទៅពិនិត្យដោយផ្ទាល់បើត្រូវតាមលក្ខដែលសាខាបានកំណត់នោះសាខាសាងសង់ឱ្យភ្លាម។
ក្នុងនោះផងដែរ សាខាកាកបាទក្រហមកម្ពុជា បាននាំមកនូវសម្ភារមួយចំនួនមកប្រគល់ជូនគ្រួសារម្ចាស់ផ្ទះរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ធុងទឹក៦០លីត្រ១, កន្ទេលជ័រ១, ឆ្នាំង២, ស្លាបព្រ៥, ចាន៥, មុង១, ភួយ១, សារុង១, ក្រមា១, អាវយឺត២, និងថវិកាផ្ទាល់របស់លោកស្រី ជ័យ ណារី មួយចំនួនផងដែរ។ ចំណែកលោកយាយដែលចូលរួមក្នុងកម្មវិធីទទួលបានសារុងម្នាក់១ ពីអនុសាខាស្រុព្រះនេត្រព្រះ ឯលោកតាទទួលបានអាវយឺត២ និងក្រមា១ ផងដែរ៕