(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំ សមាជិក សមាជិកាក្រោមឱវាទ និងអាជ្ញាធរពាក់ព័ន្ធ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១,៥៤១គ្រួសារ មកពីសង្កាត់ ចំនួន៣ នៃក្រុងបូកគោ។

ពិធីចែកអំណោយខាងលើនេះ បានរៀបចំធ្វើឡើង នៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។

នាឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែគិតគូរជានិច្ច ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក មានជីវភាពខ្វះខាត ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនមានពិការភាព ពិសេសគឺប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយសារគ្រោះធម្មជាតិផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ទន្ទឹមនេះ លោកបណ្ឌិតអភិបាលខេត្ត ក៏បានចូលរួមសោកស្តាយ ចំពោះប្រជាពលរដ្ឋដែលទទួលរងនូវការខូចខាតលំនៅដ្ឋាន និងទ្រព្យសម្បត្តិផ្សេងៗ ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ទាំង១,៥៤១គ្រួសារ នាពេលនេះផងដែរ។ ហើយអំណោយដែលបានផ្តល់ជូននាពេលនេះ ជាអំណោយមនុស្សធម៌ មានចំនួនតិចតួចក៏ពិតមែន តែក៏អាចជួយដោះស្រាយជីវភាពរបស់បងប្អូនមួយរយៈផងដែរ នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់សម្តេចប្រធានកាកបាទក្រហម និងសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល មកលើប្រជាពលរដ្ឋរបស់យើង។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តកំពត ឱ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងបន្តខិតខំប្រឹងប្រែងធ្វើស្រែចំការ ប្រកបរបររកស៊ី និងកុំឱ្យមានការឈ្លោះទាស់តែងគ្នា ត្រូវចេះសាមគ្គីគ្នាក្នុងជីវភាពរស់នៅ និងចូលរួមថែរក្សាសុខសន្តិភាពបន្តទៅមុខទៀត។

អំណោយដែលប្រគល់ជូនពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ទាំង ១,៥៤១គ្រួសារ រួមមាន៖ គ្រួសាររងគ្រោះមធ្យមចំនួន ១,៤៩២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, មី ១កេស និងថវិកា ៥ម៉ឺនរៀល។ គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៤៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, កៅស៊ូតង់ ១ដុំ និងថវិកា ២០ម៉ឺនរៀល។

គួររំលឹកថាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ មានកើតគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន កុដិព្រះសង្ឃ និងទ្រព្យសម្បត្តិពលរដ្ឋ ចំនួន១,៥៤១គ្រួសារ មកពីសង្កាត់ ចំនួន៣ គឺសង្កាត់ព្រែកត្នោត, សង្កាត់កោះតូច និងសង្កាត់បឹងទូក នៃក្រុងបូកគោ។ ក្នុងនោះគ្រួសាររងគ្រោះមធ្យមចំនួន១,៤៩២គ្រួសារ និងរងគ្រោះធ្ងន់ធ្ងរចំនួន ៤៩គ្រួសារ៕