អាជ្ញាធរក្រុងសិរិសោភ័ណ្ឌ មិនយកចិត្តទុកដាក់ពីបញ្ហាសំរាម នៅមុខផ្សារអូរអំបិល និងផ្សារសិរីសោភ័ណ
21-06-2016 14:27
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋដែលជាអាជីវករ បានរិះគន់ខ្លាំងៗ ទៅលើអាជ្ញាធរក្រុងសិរីសោភ័ណថា មិនយកចិត្តទុកដាក់ពីបញ្ហាសំរាមគរដូចភ្នំ នៅមុខផ្សារអូរអំបិល និងផ្សារសិរីសោភ័ណឡើយ ទាល់តែពេលពួកគាត់នាំគ្នាស្រែឡូឡា ទើបមានឡានដឹកមកប្រមូល។
ប្រជាពលរដ្ឋ និងអាជីវករ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះថា ពួកគាត់រាល់ថ្ងៃកំពុងតែប្រឈមមុខនឹងជំងឺផ្លូវដង្ហើម និងផ្ដាសាយ ជាពិសេសជំងឺរលាកសួតតែម្តង ព្រោះតែអាជ្ញាធរក្រុង គ្មានគិតគូរ ខណៈពេលអាជ្ញាធរខេត្តកំពុងប្រឹងប្រែង និងខិតខំអភិវឌ្ឍន៍ជុំវិញខេត្ត។ ជាពិសេស ពួកគាត់សំណូមពរឲ្យអាជ្ញាធរគិតគូរ ពីបញ្ហាបរិស្ថាននេះផង បើមិនដូច្នេះទេពួកគាត់នឹង មានជំងឺឆ្លងគ្រប់ៗគ្នាជាមិនខាន។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ភ្នាក់ងារ Fresh News ប្រចាំនៅខេត្តបន្ទាយមានជ័យ មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺ ពីលោក វៃ គេងលី អភិបាលក្រុងសិរីសោភ័ណ ដែលទើបឡើងតំណែងថ្មីៗនេះ បាននោះទេ ដោយសារទូរស័ព្ទលោក Call មិនចូល៕