(ព្រះសីហនុ)៖ ករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្មប៉ុនប៉ងសម្លាប់ ដើម្បីជំរិតទារប្រាក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវ និងឈានដល់ការរំដោះបានជនរងគ្រោះជាជនជាតិចិនម្នាក់ និងចាប់ខ្លួនឧក្រិដ្ឋជនដែលជាជនជាតិចិនដូចគ្នា ចំនួន២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់របស់កម្ពុជា។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះថា ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោយទទួលបានបណ្ដឹងពីជនជាតិចិនម្នាក់ បានរាយការណ៍មកសមត្ថកិច្ចថា មិនស្គាល់មុខមួយក្រុមបានថតរូបមិត្តភក្តិរបស់គាត់អាក្រាតកាយ និងមានស្លាកស្នាមវាយធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ នៅក្នុងព្រៃមួយកន្លែង (មិនស្គាល់ទីតាំង) និងបានជំរិតទារប្រាក់ចំនួន ៨០,០០០ដុល្លារ ជាថ្នូរនឹងការដោះលែងជនរងគ្រោះដែលជាមិត្តភក្តិរបស់គាត់ឈ្មោះ GOU CHI។
បន្ទាប់ពីទទួលបានបណ្តឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតរសៀលថ្ងៃដដែល ទើបរំដោះបានជនរងគ្រោះ និងចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិចិន នៅចំណុចផ្លូវក្បាលឆាយ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ដោយជនសង្ស័យកំពុងដឹកជនរងគ្រោះនៅក្នុងរថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BJ-8652។
ជនរងគ្រោះឈ្មោះ LIANG GUN SHENG ហៅ GOU CHI អាយុ២៤ឆ្នាំ មុនរបរនៅផ្ទះ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ រងរបួស ត្រង់ចង្កេះ ដេរអស់១៥ថ្នេរ (របួសធ្ងន់) និងបាត់បង់ចិញ្ចៀន២វង់ (ពេជ្រមួយវង់ និងមាសមួយវង់ គិតជាទឹកប្រាក់តំលៃ៩ពាន់ដុល្លារ។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលដកហូតបាន ទូរស័ព្ទដៃ២គ្រឿង ម៉ាក IPHONE13 PRO MAX ពណ៌ទឹកមាស១គ្រឿង, ម៉ាក IPHONE13 PRO MAX ពណ៌ខៀវ១គ្រឿង, រថយន្ត១គ្រឿង ម៉ាក Alphard ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BJ-8652។
ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនជនស្ស័យ និងវត្ថុតាងទៅសាលាដំបូងដើម្បីអនុវត្តតាមផ្លូវច្បាប់៕