(ភ្នំពេញ)៖ ក្រោយធ្វើការសិក្សាយ៉ាងលម្អិតរួចមក ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម ដែលមានតម្លៃប្រមាណជាង ២២លានដុល្លារ គ្រោងនឹងសម្ពោធបើកការដ្ឋានសាងសង់ ក្នុងពេលឆាប់ៗនេះ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នេះបើតាមការបញ្ជាក់ឱ្យដឹង នៅក្នុងកិច្ចប្រជុំដើម្បីត្រៀមបើកការដ្ឋាន សាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម នាឱកាសដែលលោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីពាក់ព័ន្ធ ដើម្បីជួបពិភាក្សាការងារជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ថ្លែងនាឱកាសនោះលោក រស់ វណ្ណា បានគូសបញ្ជាក់ថា ក្រសួងនឹងត្រៀមរៀបចំពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ថានីយ ប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាមនៅក្រុងកំពង់ចាម នាពេលដ៏ខ្លីខាងមុខនេះ និងបានក្រើនរំលឹកដល់អាជ្ញាធរខេត្ត ឱ្យត្រៀមរៀបចំធនធានមនុស្ស ឱ្យបានរួចជាស្រេច ដើម្បីចូលទៅគ្រប់គ្រងសមិទ្ធផលថ្មីនេះ ព្រោះជាបទពិសោធន៍បញ្ហានេះ បានកើតមានឡើងតាមបណ្ដាខេត្តផ្សេងៗ ដែលក្រោយពេលទទួលសមិទ្ធផល ហើយជួបបញ្ហាក្នុងការរៀបចំធនធានមនុស្សដើម្បីគ្រប់គ្រង។

បន្ថែមពីលើនេះ លោក រស់ វណ្ណា ក៏បានស្នើឱ្យរដ្ឋបាលខេត្តកំពង់ចាម ជ្រើសរើសមន្ត្រីដើម្បីចូលទៅបម្រើការងារ នៅពេលដែលសមិទ្ធផលថ្មីនេះ បានសាងសង់រួចរាល់ជាស្ថាពរ និងបានសំណូមពរឱ្យអាជ្ញាធរខេត្ត ត្រៀមពិនិត្យលទ្ធភាពរកទីតាំងជាស្រេចនៅទីប្រជុំជន ឬតំបន់ណាដែលមានប្រជាជនរស់នៅច្រើន សម្រាប់ត្រៀមរៀបចំស្ថានីយចម្រោះទឹកកខ្វក់ដទៃទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យឆ្ងាយពីទីប្រជុំជនខ្លាំងពេក ដែលជាកត្ដាចំណាយថ្លៃដើមនៃការដឹកជញ្ជូនខ្ពស់ និងធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ។

សូមជម្រាបជូនថា គម្រោងនៃការសាងសង់ ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម នៅក្នុងក្រុងកំពង់ចាមនេះ គ្រោងចំណាយទឹកប្រាក់ប្រមាណជាង ២២លានដុល្លារ ហើយការរៀបចំស្ថានីយនេះត្រូវបែងចែកជាតំបន់ ដោយត្រូវប្រមូលទឹកកខ្វក់ ចេញពីតាមផ្ទះរបស់ប្រជាពលរដ្ឋ និងតំបន់អគារពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយ ដើម្បីធ្វើប្រព្រឹត្តកម្មមុននឹងបង្ហូរ ចូលក្នុងប្រភពទឹកសាធារណៈ។ នៅពេលស្ថានីយ៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ត្រូវបានសាងសង់រួចរាល់ក្រុងកំពង់ចាមទាំងមូល នឹងលែងមានក្លិនស្អុយតទៅទៀតផងដែរ៕