(កណ្តាល)៖ លោក​ ណុប​ រ័ត្ននិមល​ ជំនួយការ​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ និងជាប្រធាន​ក្រុមការងារយុវជនគណបក្សចុះជួយស្រុកកណ្តាលស្ទឹង​​ បានថ្លែងថា ទោះបីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះទាំងស្រុងទទួលបានអាសនៈ១២៥ ក្នុងរដ្ឋសភាក្នុងការជ្រើសតាំងតំណាងរាស្ត្រ នីតិកាទី៦ កន្លងមក ក៏ដោយក៏គណបក្សប្រជាជនកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងដូចភ្លៀងរលឹម បន្តការចុះជួយអភិវឌ្ឍន៍តាមមូលដ្ឋាន និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែខ្លាំងខ្លាថែមទៀត ដើម្បីឆ្លើយតបទៅនឹងគុណបំណាចដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាកន្លងមក។

ការថ្លែងបែបនេះ របស់លោក ណុប​ រ័ត្ននិមល​ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោក​កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ សមាជិកគណៈកម្មាធិការកណ្តាល​ និងជាប្រធាន​ក្រុមការងារគណបក្ស​ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានអញ្ជេីញប្រកាសតែងតាំងអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំព្រែកស្លែង និងចែងប័ណ្ណសរសើរ លិខិតសរសើរជូនសកម្មជនគណបក្សឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ។

ក្នុងនាមប្រធានក្រុមការងារយុវជនគណបក្សចុះជួយដ្ឋានស្រុក, លោក ណុប រ័ត្ននិមល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណចំពោះប្រជាពលរដ្ឋ និងក្រុមការងារចុះជួយឃុំទាំងអស់ បានបំពេញការងារបានល្អជូនបក្ស និងបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់ធ្វើឱ្យគណបក្សបានទទួលជ័យជំនះយ៉ាងត្រចះត្រចង់។ ជ័យជំនះនេះបានបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋកម្ពុជា មានការជឿជាក់យ៉ាងមុខមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សតែមួយគត់បានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ជាគណបក្សដែរបានសម្រេចសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្ត្រជូនជាតិនិងជាគណបក្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិឱ្យសម្រេចបានជោគជ័យធំៗជាបន្តទៀត។

លោក ណុប រ័ត្ននិមល បានបញ្ជាក់ថា លទ្ធផលដែលទទួលបាន គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនៅគោលនយោបាយ និងកម្មវិធីកំណែទម្រង់ដោយផ្ដល់លើ បណ្ណាវិស័យសំខាន់ៗមួយចំនួនជាអាទិភាពដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋទទួលបានសមាចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា៕