(ពោធិ៍សាត់)៖ មន្ដ្រីឧទ្យានុរក្សដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានចុះល្បាតក្នុងមូលដ្ឋាន២ថ្ងៃ រកឃើញឈើធ្នង់ ខុសច្បាប់ជិត៣តោន ម៉ាស៊ីនអារឈើមួយគ្រឿង និងអ្នកដឹកឈើ២នាក់ ដើម្បីធ្វើការអប់រំណែនាំ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០១៦នេះ មន្ដ្រីឧទ្យានុរក្ស បានល្បាតនៅចំណុចស្ទឹងសរសៃ រកឃើញគំនរឈើធ្នង់ជាច្រើនចំណុច ក្រោយមកក៏ប្រមូលសរុបបានប្រមាណ២,៥តោន ម៉ាស៊ីនត្រង់សឺន័រ១គ្រឿង ដើម្បីយកមករក្សាទុកនៅស្នាក់ការរងតំបន់។
ចំណែកនៅចំណុចសហគមន៍ តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង គណ:កម្មាការសហគមន៍ និងមន្ត្រីឧទ្យានុរក្សបានល្បាត ជួបគោយន្តមួយគ្រឿង និងមនុស្ស២នាក់ ដែលប្របករបរដឹកឈើ ក្រោយមកបានយកមកអប់រំណែនាំ ឲ្យត្រឡប់ទៅរកស៊ីបង្កបង្កើនផលវិញ មិនត្រូវចូលតំបន់ការពារ ប្រព្រឹត្តអំពើខុសច្បាប់នោះទេ ដោយបង្វែរពីការចូលព្រៃ មកប្រកបសេវាទេសចរណ៍វិញ។
ក្នុងនោះដែរ មន្ដ្រីឧទ្យានុរក្សក៏បានចូលរួមដាំកូនឈើ ជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកក្រគរ នៅសហគមន៍ព្រៃឈើក្នុង ឃុំឈើតុំ ផងដែរ៕