(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា ការកៀរគរកម្លាំងយុវជន ដើម្បីចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងរៀបចំព្រឹត្តិការណ៍សង្គមផ្សេងៗ ជាក់ស្ដែងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដតែម្ដង គឺមិនជាប់ពាក់ព័ន្ធជាមួយរឿងនយោបាយនោះឡើយ ហើយយុវជនខ្លួនឯងដឹងយ៉ាងច្បាស់ថា សកម្មភាពរបស់ពួកគេធ្វើដើម្បីសង្គមជាតិ មិនមែនជាសកម្មភាពបម្រើឲ្យគណបក្សនយោបាយ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គសង្រ្កាន្តឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានកត់សម្គាល់ឃើញថា អ្វីដែលជាគំនិតអគតិដែលបានគិតចំពោះសកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជានេះ មិនមានអ្វីចម្លែកនោះទេ ពោលលោកតែងតែលឺបែបនេះជារឿយៗ នៅពេលសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំរៀបចំព្រឹត្តិការណ៍ណាមួយនោះ។

ការបញ្ជាក់បែបនេះរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីជានិច្ចជាកាល តែងតែមានការវិភាគបែបអគតិថា សកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានកៀរគរកម្លាំងយុវជនឲ្យចូលរួមក្នុងព្រឹត្តិការណ៍ណាមួយនោះ ជាសកម្មភាពបម្រើឲ្យគណបក្សនយោបាយ ពោលបម្រើឲ្យគណបក្សប្រជាជនកម្ពុជាផ្ទាល់តែម្ដង។

លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា បើមិនមានអ្នកចោទ ទើបជារឿងប្លែក។ ខ្ញុំគិតថា អ្នកដែលអាចវិនិច្ឆ័យបានទាំងស្រុង គឺយុវជនស្ម័គ្រយើងតែម្ដង ថាតើពេលមកចូលរួមជាមួយស.ស.យ.ក និងព្រឹត្តិការណ៍នីមួយៗ តើយើងនិយាយអំពីរឿងនយោបាយគណបក្សឬអត់? អ៊ីចឹងពួកគាត់ជាសាក្សីរស់ ហើយជាអ្នកច្បាស់លាស់តែម្ដង នៃការលើកឡើងចំណុចនេះ»

ផ្ទុយទៅវិញ លោក ហ៊ុន ម៉ានី បានអះអាងថា ការវិភាគបែបនេះរបស់បុគ្គលមួយចំនួន ប្រៀបដូចជាការមើលស្រាលទៅទស្សនៈ និងបញ្ញាញាណរបស់ប្រជាជនវ័យក្មេងនៅកម្ពុជា។ លោក ហ៊ុន ម៉ានី មើលឃើញថា យុវជនជំនាន់ក្រោយឆ្លាតៗណាស់ ប្រសិនបើពួកគេមើលទៅហាក់មិនសមស្រប ឬមិនមែនជាចំណង់ចំណូលចិត្តរបស់គេនោះ គេច្បាស់ជាមិនមកចូលរួមឡើយ។

ជាថ្មីម្ដងទៀត លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា គោលបំណងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ បន្ទាប់ពីលោកបានក្លាយជាប្រធាន គឺការរៀបចំជាវេទិកាតាមរយៈព្រឹត្តិការណ៍ណាមួយ ដើម្បីឲ្យយុវជន យុវនារី ដែលពួកគាត់មានសន្ដានចិត្ត មានបេះដូងចង់ជួយសង្គម តែមិនដឹងចូលតាមវិធីណា ដើម្បីអាចមកចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។ លោកបន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺរៀបចំព្រឹត្តិការណ៍ដើម្បីរួមគ្នាស្រលាញ់ជាតិ មិនមានអ្វីលើសពីនេះឡើយ។

សូមជម្រាបដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរ នៃខេត្តសៀមរាបដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណង ប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឲ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។

បន្ថែមពីនេះ ផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា ដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឲ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ជា បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ រួមទាំងផ្តល់ឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និងសេវាកម្មនានា និងចូលរួមចំណែកជំរុញទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិដែលជាមាសបៃតងរបស់កម្ពុជា។

ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ស.ស.យ.ក. បានរៀបចំព្រឹត្តិការណ៍នេះ ៦លើកមកហើយដោយបានចូលរួមលើកទឹកចិត្ត និងទុកលទ្ធភាពជូនក្រុមគ្រួសារ ស.ស.យ.ក. រាជធានី/ខេត្ត រៀបចំព្រឹត្តិការណ៍សង្រ្កាន្តនៅតាមបណ្ដារាជធានី/ខេត្តរបស់ខ្លួន។ មកទល់ពេលនេះ អង្គរសង្ក្រាន្ត មានអត្ថន័យលើសតែពីព្រឹត្តិការណ៍ តែជាអត្តសញ្ញាណ និងស្មារតីនៃមហាក្រុមគ្រួសារខ្មែរ ក្នុងការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការបង្ហាញការស្រឡាញ់ ក៏ដូចជាមោទកភាពចំពោះប្រទេសជាតិទូទាំងប្រទេស និងក្រៅប្រទេស៕