(ស្ទឹងត្រែង)៖ មន្ត្រីជំនាញផ្នែកជលផលខេត្តក្រចេះ បានបញ្ជាក់នៅថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២នេះថា សត្វផ្សោតឈ្មោលមួយក្បាលមានអាយុចន្លោះពី១៥-២០ឆ្នាំ និងទម្ងន់១៦២ គីឡូក្រាម ត្រូវបានប្រជានេសាទប្រទះឃើញងាប់អណ្តែតនៅទន្លេមេគង្គលើ ទើរជាប់ជិតឆ្នេរខ្សាច់មាត់ច្រាំងទន្លេព្រំ ប្រទល់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

ចំពោះករណីប្រទះឃើញផ្សោតងាប់នេះ មន្ត្រីរដ្ឋបាលជលផល និងអង្គការ WWF ប្រចាំនៅខេត្តក្រចេះ សំដែងការសោកស្ដាយចំពោះការបាត់បង់សត្វផ្សោតទឹកសាបមួយក្បាលនេះដែលធ្វើឱ្យបាត់បង់សត្វផ្សោត ដ៏កម្រនេះពីទន្លេមេគង្គមួយបន្ថែមទៀត។

មន្ត្រីជលផលបានបញ្ជាក់ថា៖ «សត្វផ្សោតដែលបានស្លាប់នេះជាសត្វផ្សោតឈ្មោលមានអាយុប្រមាណចន្លោះពី១៥-២០ឆ្នាំ មានប្រវែង២៣០សង់ទីម៉ែត្រ ទម្ងន់ ១៦២គីឡូក្រាម ហើយសាកសពសត្វផ្សោតនេះបានអណ្តែតតាមទឹកទន្លេ មកទើរនៅក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង»

តាមការពិនិត្យសាកសពសត្វផ្សោតយ៉ាងម៉ត់ចត់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមជំនាញស្រាវជ្រាវរបស់រដ្ឋបាលជលផល និងអង្គការ WWF បានសន្និដ្ឋានជាបឋមថាសត្វផ្សោតបានងាប់ដោយសារការជាប់នឹងមងអ្នកនេសាទ ព្រោះមានស្លាកស្នាមនៃសរសៃមងនៅលើផ្ទៃកន្ទុយ ដងខ្លួន និងស្នាមរលាត់នៅលើផ្នែក-ក របស់វា។

តាមតួលេខសត្វផ្សោតស្លាប់សរុប ក្នុងឆ្នាំ២០២២នេះ ដល់ចំនួន៩ក្បាលហើយ រយៈពេល ៣ឆ្នាំចុងក្រោយនេះ សត្វផ្សោតដែលបានងាប់មានសរុប ចំនួន ២៧ក្បាល ចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ (គិតត្រឹមថ្ងៃទី១៨ ខែធ្នូ)។

បើតាមលោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានគូសបញ្ជាក់ថា៖ «សត្វផ្សោតស្លាប់នីមួយៗពិតជាធ្វើឱ្យមានភាពសោកសង្រេងខ្លាំងណាស់ ហើយយើងសោកស្ដាយបំផុតគឺនៅពេលសត្វផ្សោតពេញវ័យដែលមានសុខភាពល្អដូចសត្វផ្សោតមួយក្បាលនាពេលនេះ តែត្រូវបានបាត់បង់ជីវិត ទៅវិញដែលធ្វើឱ្យប៉ះពាល់លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គ នៅសេសសល់ ដ៏តិចតួចនេះ»។

តាមការសន្និដ្ឋានរបស់ប្រជានេសាទផ្សោតបានស្លាប់រយៈពេល៣ថ្ងៃមកហើយ បានហើម និងធំក្លិនស្អុយផងដែរ។

សូមបញ្ជាក់ថា សត្វផ្សោត ទន្លេមេគង្គ ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ហើយបើតាមការស្រាវជ្រាវរបស់មន្ត្រីជំនាញអង្គការ WWF បានប៉ាន់ស្មានថា សត្វផ្សោតនៅទន្លេមេគង្គលើមាន ត្រឹម ៨៩ក្បាលប៉ុណ្ណោះនៅទន្លេមេគង្គ នៃប្រទេសកម្ពុជា៕