(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនអតីតយុទ្ធជនយើង ដូច្នេះសូមបងប្អូនជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយត្រៀមលក្ខណៈទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ទាំងអស់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងផ្ដល់សិទ្ធសេរីភាពជូនពួកយើងទាំងអស់គ្នា។

ការលើកឡើងបែបនេះ របស់លោកអភិបាលខេត្ត បានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណសាលាស្រុកវាលវែង ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនអតីតយុទ្ធជន ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ចំនួន៩៦៥នាក់ ដោយបានការចូលរួម ពីសំណាក់លោក ជិន ប៊ុនធឿន លេខាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន, អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការក្នុងស្រុកជាច្រើននាក់ទៀត។

លោក ខូយ រីដា បានថ្លែងថា ការជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជននៅស្រុកវាលវែងថ្ងៃនេះ ពិតជាបានបង្ហាញពីឆន្ទះ ភក្ដីភាព ក្នុងការគាំទ្រ និងជឿជាក់បំផុត ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសដ៏ឆ្នើមបំផុត ក្នុងការស្វែងរកសន្តិភាព ជូនដល់ប្រជាជាតិកម្ពុជាទាំងមូល ដែលប្រជាជនកម្ពុជា ក៏ដូចប្រជាជននៅលើពិភពលោក កំពុងត្រូវការជាចាំបាច់។ ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនដំណាក់ បន្សល់ទុកនូវគំនរផេះផង់ ជនពិការគ្មានទីពឹង ស្ត្រីម៉េម៉ាយ និងកុមារកំព្រាជាច្រើននាក់ ដែលប្រវត្តិសាស្ត្រនេះ​បានដក់ជាប់ ក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជំនាន់មិនអាចបំភ្លេចបាន។

លោកអភិបាលខេត្តបានបន្តថា ដោយសារសម្ដេចតេជោ ហ៊ុន សែន យកជីវិតទៅប្ដូរ ទើបប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ព្រមទាំងបានធ្វើកំណែទម្រង់គោលនយោបាយជាបន្តបន្ទាប់ ស្របតាមភាពជាក់ស្ដែងនៃសេដ្ឋកិច្ចជាតិ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចអតីតយុទ្ធជន និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ។

លោក ខូយ រីដា សូមគោរពកោតសរសើរដោយស្មោះ ចំពោះគុណបំណាច់ដ៏ថ្លៃថ្លា ប្រកបដោយវីរៈភាព របស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងចំពោះជាតិ មាតុភូមិ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញប្រកបដោយការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស គឺត្រូវបានស្ថាបនាស្ទើរគ្រប់ទីកន្លែង ដែលជាសក្ខីភាពនៃការឈានឡើងរបស់កម្ពុជា ដោយចាប់ផ្ដើមពីបាតដៃទទេសុទ្ធសាធ។

បន្ថែមពីនេះ លោកអភិបាលខេត្តបានបញ្ជាក់ថា បងប្អូនអតីតយុទ្ធជនរបស់យើងភាគច្រើនពិកាដៃ ពិកាជើង ពិកាភ្នែក និងស្លាកស្នាមលើដងខ្លួនដោយសារសង្គ្រាម ដែលសង្គ្រាមនេះ ទី១៖ សម្លាប់ជីវិតកងទ័ព ទី២៖ សម្លាប់ជីវិតប្រជាជន និងទី៣៖ ដុតកញ្ចប់ថវិកាជាតិចោលទាំងស្រុង។ ស្រុកវាលវែងនេះជាសមរភូមិឈ្ងៀមដោយគ្រាប់រំសេវ ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម ជាមួយកងទ័ពរដ្ឋាភិបាល ហើយតាមផ្លូវពោរពេញដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកប់ក្នុងដី គ្រោះថ្នាក់ជាទីបំផុត ដែលសព្វថ្ងៃនេះក*នៅមានដែរ។ ក្នុងនាមរដ្ឋបាលខេត្តលោកប្ដេជ្ញាជួយសម្របសម្រួលនូវបញ្ហាទុក្ខលំបាកផ្សេងៗ ទាំងសុខភាព និងជីវភាពរស់នៅជាក់ស្ដែង ដើម្បីឱ្យបងប្អូនអតីតយុទ្ធជន ទទួលបានការរស់នៅល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ បន្ទាប់ពីបញ្ចប់ពិធីជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនអតីតយុទ្ធជន លោកបានបន្តចុះពិនិត្យ និងដោះស្រាយដោយផ្ទាល់ ករណីទំនាស់ព្រំដីដ៏រ៉ាំរ៉ៃ ចំនួន១ករណី នៅភូមិចំការជ្រៃខាងត្បូង ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់៕