(បាត់ដំបង)៖ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិសមាគមក្រុមប្រឹក្សា ក្រុងស្រុក ឃុំ សង្កាត់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានចំបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដោយផ្ដោតលើសកម្មភាពចម្បងៗមួយចំនួនសំដៅលើកកម្ពស់ឋានៈតួនាទី និងពង្រឹងសមត្ថភាពដល់ក្រុមសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក្នុងការជំរុញអភិបាលកិច្ចមូលដ្ឋាន តាមរយៈការលើកកម្ពស់នៃការធ្វើសេចក្តីសម្រេចចិត្តក្នុងនាមជាអ្នកដំណាងឱ្យប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានលោក សយ កុសល ប្រធានសម័្ពន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន លោក អេ សារុម សមាជិកក្រុមប្រឹក្សាខេត្ត និងជាតំណាងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក ទីន សារ៉ាវុធ អភិបាលរងខេត្ត និងជាតំណាងលោក សុខ លូ អភិបាលខេត្ត, លោក យស យឿន ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកសមាគម ដែលជាតំណាងក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ ក្នុងខេត្តបាត់ដំបង។

លោក យស យឿន បានបន្តថា សមាគមត្រូវបានបង្កើតឡើងតាមរយៈការប្រមូលផ្តុំដោយស្ម័គ្រចិត្តនូវក្រុមប្រឹក្សាមូលដ្ឋាន ដើម្បីអនុវត្ត
សកម្មភាព ក្នុងគោលបំណងការពារ និងបម្រើផលប្រយោជន៍រួមរបស់សមាជិក និងលើកកម្ពស់គុណភាពជីវិត សុខមាលភាពរបស់ប្រជាជនស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានបន្តអនុវត្តយុទ្ធសាស្ត្រសំខាន់ទាំង៦ គឺផ្តោតលើការអភិវឌ្ឍសមត្ថភាព ការពង្រឹងសមត្ថភាពស្ថាប័ន ការតស៊ូមតិ និងការទំនាក់ទំនងសាធារណៈ ការងារកិច្ចការនារី និងកុមារ ការត្រួតពិនិត្យ និងវាយតម្លៃ និងការងារហិរញ្ញវត្ថុជាដើម។

នាឱកាសនោះដែរ លោក អេ សារុម បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តបាត់ដំបង ត្រូវបម្រើប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់មានប្រសិទ្ធភាព តម្លាភាព ខណៈសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ គឺជាតំណាងផ្ទាល់របស់ប្រជាពលរដ្ឋ កើតឡើងពីប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

លោក អេ សារុម បានបន្តថា កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននាពេលបានឆ្លុះបញ្ចាំងពីការអនុ
វត្តយ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈ របស់សមាគមដែលជានីតិបុគ្គលតំណាងឱ្យសំឡេងរបស់ក្រុមប្រឹក្សារាជធានី ខេត្តនៅទូទាំងប្រទេស និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក្នុងការការពារផលប្រយោជន៍រួមរបស់សមាគមក្រុមប្រឹក្សាស្រុក ក្រុង និងឃុំ សង្កាត់ ក្នុងខេត្តបាត់ដំបងព្រមទាំងមានការអភិវឌ្ឍសមត្ថភាព បង្កើនប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ ចូលរួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅ និងសុមាលភាពសុខភាពជូនប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចល្អ តាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

លោក សយ កុសល បានបង្ហាញនូវចំណុចសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងសាវតានៃការកើតឡើងសមាគម ភាពប្រទាក់ក្រឡានៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរវាងកម្មវិធីជាតិជាមួយគ្រប់សកម្មភាពរបស់សមាគម ក្នុងនោះបានធ្វើការដោះស្រាយនូវបញ្ហានិងសំណូមពរមួយចំនួនទាក់ទងនឹងបញ្ហាប្រឈម និងតម្រូវការផ្ទាល់របស់សមាគមមួយចំនួនទៀតផងដែរ ។

លោកបានរម្លឹកបន្ថែមដល់សមាគមក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ ក្នុងខេត្តបាត់ដំបង ត្រូវបន្តធ្វើសកម្មភាពការងារឱ្យកាន់តែច្រើនថែមទៀត ដើម្បីបានបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យគ្រប់ជ្រុងជ្រោយក៏ដូចជាការផ្តល់សេវារដ្ឋបាលសាធារណៈជូនពួកគាត់ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពក្នុងការបង្កើននូវការជឿជាក់មកលើការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលគ្រប់ជាន់ថ្នាក់ថែមទៀតផង៕