(ព្រះសីហនុ)៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១,២៦៨គ្រួសារ មកពី៨ឃុំ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។

ពិធីចែកជូនអំណោយធ្វើនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីប្រធានកិត្តិយស អ្នកតំណាងរាស្ត្រមណ្ឌលព្រះសីហនុ, មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខកាកបាទក្រហមប្រចាំខេត្ត។

តាមរបាយការណ៍របស់លោកអភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា ផ្ទះដែលគ្រោះរងមានចំនួន ១,២៦៨គ្រួសារ ក្នុងនោះផ្ទះដែលរលំដល់មានចំនួន១៥ខ្នង និងបង្កឱ្យមានអ្នករងរបួសចំនួន ៣នាក់។

លោក គួច ចំរើន បានពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ នាពេលនេះ និងសូមចូលរួមការលំបាកដោយឥទ្ធិពលខ្យល់កន្រ្តាក់ បង្កឱ្យមានផ្ទះចំនួនជាង១,២៦៨ខ្នង ត្រូវបានរបើកដំបូល ក្នុងនោះរលំចំនួន ១៥ខ្នង និងបង្កឱ្យមានប្រជាពលរដ្ឋរងគ្រោះថ្នាក់ ៣នាក់ និងធ្វើឱ្យខូចខាតសម្ភារៈក្នុងផ្ទះ។ ដោយមើលឃើញការលំបាកពីគ្រោះមហន្តរាយធម្មជាតិដែលកើតឡើងនាពេលនេះ។ ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ពីគ្រោះធម្មជាតិ និងទទួលបានព័ត៌មានស្តីពីខ្យល់កន្រ្តាក់ បង្កឱ្យផ្ទះប្រជាពលរដ្ឋរបស់យើងនៅទីនេះមានការខូចខាតតិច និងខូចខាតទាំងស្រុង និងមានប្រជាពលរដ្ឋរងគ្រោះថែមទៀតផង។

លោក គួច ចំរើន បានបញ្ជាក់ថា ស្បៀងអាហារដែលនាំយកមកចែកជូនបងប្អូននាពេលនេះ គឺបានមកពីការចូលរួមរបស់បងប្អូនសប្បុរសជន ដើម្បីយកមកធ្វើការចែកជូនបងប្អូននៅទីនេះ និងដោយមានការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋមានអ្នករងរបួស និងត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់កន្លែងមានសុវត្ថិភាព ទន្ទឹមនោះរដ្ឋបាលខេត្តបានបញ្ជូនរថយន្តសង្គ្រោះមកជួយសម្របសម្រួលដឹកអ្នករបួសយកទៅព្យបាល និងបានចាត់ឱ្យមន្ត្រីចុះមកប្រចាំការនៅតាមឃុំ ក្នុងនោះមានកងកម្លាំងសឹករងព្រះសីហនុ ចុះជួយអន្តាគមន៍កន្លែងដែលចាំបាច់ត និងកងកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់មានចំនួន ១,២៦៨គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភូយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០,០០០រៀល។ ដោយឡែកអ្នករងគ្រោះរលំផ្ទះទាំងស្រុង ១៥គ្រួសារ ទទួលបានតង់ម្នាក់មួយ ថវិកា ១លានរៀល អ្នករងរបួស ៣នាក់ ទទួលបានថវិកាម្នាក់ ៥០០,០០០រៀល៕