(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញប្រគល់ផ្ទះ១ខ្នង មានទំហំ៤ម៉ែត្រ គុណ៣ម៉ែត្រ ដែលជាផ្ទះទី១០២ ជូនដល់ស្ត្រីមេម៉ាយទីទ័លក្រ ឈ្មោះ ខៀវ សារ៉េត និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារ ស្ថិតនៅក្នុងភូមិព្រែកស្បូវ សង្កាត់អូរកន្ធូរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

នាឱកាសនោះដែរ លោក ងួន រតនៈ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរពីសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចទាំងពីរតែងតែផ្ដល់សម្ភារៈ និងគ្រឿងឧបភោគបរិភោគដល់គ្រួសារដែលមានជីភាពខ្វះខាត ដោយមិនទុកឱ្យប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ។ ចំពោះប្រជាពលរដ្ឋពុំមានជម្រកសមរម្យ បានផ្ទះនេះ គឺមិនទទួលបានទាំងអស់នោះទេ គឺផ្ដល់ជូនទៅតាមលទ្ធភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ធ្វើការទាំងអស់នេះបានមកពីរៃអង្គាសគ្នា ក្នុងការដោះស្រាយជីវភាពជូនដល់ពួកគាត់បានមួយកម្រិត។

លោកបន្តទៀតថា ថវិកាទទួលបានពីសប្បុរសជននានាមួយឆ្នាំម្ដង យកមកប្រើប្រាស់លើការងារមនុស្សធម៌ទាំងអស់នេះមានដូចជា៖ សាងសងផ្ទះ ផ្ដល់ជាគ្រឿងឧបភោគបរិភោគ ចូលរួមការងារសង្គមផ្សេងៗមាន (ភ្លើងឆេះផ្ទះ គ្រោះទឹកជំនន់ គ្រោះរាងស្ងួត ជូនគ្រួសារដែលងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយជាដើម)។ សកម្មភាពការងារមនុស្សធម៌ជាសកម្មភាពមួយរស់រវើកដែលកើតចេញពី សាខាកាកបាទក្រហមខេត្តតែងតែធ្វើគ្រប់សកម្មភាពទាំងអស់ ទីណាមានទុក្ខលំបាកទីនោះតែងតែមានសាខាកាកបាទក្រហមខេត្តចុះជួយជានិច្ច។

លោក ងួន រតនៈ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមគឺយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ព្រោះរដូវនេះជារដូវរងារ និងងាយឆ្លងជំងឺផ្ដាសាយផងដែរ។ សូមឱ្យអាជ្ញាធរមូលដ្ឋានជួយពិនិត្យ និងតាមដានពីការចុះឈ្មោះបញ្ជីបោះឆ្នោត ព្រមទាំងជួយពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ ក្នុងគ្រួសារទទួលបាន៖ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកស៊ីអ៉ីវ០១យួរ ទឹកត្រី០១យួរ និងឃីត០១កញ្ចប់ផងដែរ៕